ស្ពានឈើប្រវែង១៨៣ម៉ែត្រ នៅប្រាសាទបេងមាលាកំពុងជួសជុលឡើងវិញ

AKP សៀមរាប ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ –ស្ពានឈើប្រវែង១៨៣ម៉ែត្រក្នុងចំណោម២៦៣ម៉ែត្រ នៅប្រាសាទបេងមាលាដែលបាន ទទួលរងនូវការខូចខាតយ៉ាងខ្លាំងនោះ ត្រូវបាន និងកំពុងជួសជុលឡើងវិញដើម្បីសម្រួលនូវ ដំណើរកម្សាន្តរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ នេះបើយោងតាមការឱ្យដឹងពី សំណាក់មន្ត្រីជាន់ខ្ពស់មួយរូបនៃអាជ្ញាធរជាតិអប្សរា។

      លោកបណ្ឌិត ឈាន រដ្ឋា ប្រធានស្តីទីនាយកដ្ឋានអភិរក្សប្រាសាទក្រៅ ឧទ្យានអង្គរ នៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងនាថ្ងៃព្រហស្បតិ៍ ៩កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែតុលាឆ្នាំ២០១៨នេះថា ដំណើរការជួស ជុលស្ពានឈើនេះ បានចាប់ផ្តើមកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ហើយគ្រោងនឹងបញ្ចប់នៅចុងខែវិច្ឆិកាឆ្នាំ២០១៨ ដោយអាជ្ញាធរជាតិអប្សរាជាអ្នកទទួលខុស ត្រូវលើបច្ចេកទេសជួសជុល រីឯក្រុម ហ៊ុន ខាំ សាមេត ជាអ្នកផ្តល់ថវិកាទិញសម្ភារ។ ក្នុងការជួសជុលនេះដែរ គេគ្រោងនឹងប្រើ ប្រាស់ឈើអស់ចំនួនជាង៨០ម៉ែត្រគុប មានឈើបីប្រភេទ គឺផ្ចឹក គគីរ និងរាំង ដែលធន់នឹង អាកាសធាតុ ហើយធានាគុណ ភាពបានយូរឆ្នាំ។

      លោកបណ្ឌិត ឈាន រដ្ឋា បានឱ្យដឹងទៀតថា ការជួសជុលនេះធ្វើឡើងក្នុងបំណងការពារ សុវត្ថិភាពអ្នកទស្សនាដែលមានការកើនឡើងជាលំដាប់ ការពារមិនឱ្យភ្ញៀវទេសចរ ចុះជាន់លើថ្មនាំឱ្យរអិលឬធ្លាក់ដែលនាំឱ្យមានគ្រោះថ្នាក់ដល់ខ្លួន ហើយប៉ះពាល់ដល់ ថ្មប្រាសាទទៀត និងសម្រួលការធ្វើដំណើរជៀសគ្នាថែមទៀត។ ចំពោះការសាងសង់វិញ ក្រុមការងារបុរាណវិទូនិងស្ថាបត្យករនៃអាជ្ញាធរជាតិអប្សរាបានយកចិត្តទុកដាក់ខ្ពស់និងសិក្សាយ៉ាងល្អិតល្អន់ ទាំងប្លង់ រួមទាំងបញ្ជៀសហានិភ័យផ្សេងៗដល់ថ្មប្រាសាទ ដោយការមិន ជីកដីដាំសសរ បើកន្លែងប៉ះថ្ម គឺប្រើសំបកកង់ឡានទ្រាប់ពីលើជៀសវាងការកកិត។ ដោយឡែកសម្រាប់ស្ពានចាស់ ដែលមានទំហំសមល្មម និងមានភាពមាំទាំនៅឡើយ ក៏ក្រុមការងារបន្តការយកចិត្តទុកដាក់ថែទាំពង្រឹងបន្ថែមទៀតដែរ។

      គួរបញ្ជាក់ថា ប្រាសាទបេងមាលា បើទោះបីស្ថិតនៅឆ្ងាយពីតំបន់អង្គរ ហើយមានការ បែកបាក់ច្រើនក្តី ក៏ប៉ុន្តែប្រសាទនេះនូវទទួលបានការចាប់អារម្មណ៍ យ៉ាងខ្លាំងពីសំណាក់ ភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅលើស្ថាបត្យកម្មសំណង់ ទេសភាព ពិសេសស្ពានឈើ សម្រាប់ដើរទស្សនាប្រាសាទ ដែលជាសោភណភាពមួយនៃប្រាសាទ បេងមាលាផងដែរនោះ បានទទួលរងនូវការពុកផុយដោយអន្លើៗ ដែលអាចបង្កឱ្យគ្រោះថ្នាក់ ដល់អ្នកទេសចរ ហើយស្ពាននេះដែរមានសភាពតូចចង្អៀត ពិបាកភ្ញៀវទេសចរធ្វើដំណើរ និងដើរជៀសគ្នា ផងនោះ ទើបអាជ្ញាធរជាតិអប្សរាសហការជាមួយក្រុមហ៊ុន ខាំ សាមេត ធ្វើការរុះរើលើកំណាត់ ស្ពានចាស់ដោយធ្វើថ្មីទាំងស្រុង ដែលមានទំហំធំជាងមុនប្រវែង១៨៣ម៉ែត្រ ក្នុងប្រវែងស្ពាន សរុប២៦៣ម៉ែត្រ។

    គួរបញ្ជាក់ផងដែរថា ស្ពានឈើនេះត្រូវបានកសាងឡើងនៅឆ្នាំ២០០២ ដោយក្រុមហ៊ុនភាព យន្តហូលីវូដ ដែលបានសុំការអនុញ្ញាតពីអាជ្ញាធរជាតិអប្សរា ដើម្បីធ្វើស្ពានឈើចូលទៅក្នុង ប្រាសាទសម្រាប់ជញ្ជូនសម្ភារក្នុងការថតភាពយន្ត និងជួយផ្សព្វផ្សាយដល់ភ្ញៀវទេសចរ ឱ្យស្គាល់ពីប្រាសាទបេងមាលាផង។ ក្រោយមកដោយកំណើនភ្ញៀវទេសចរកាន់តែកើនឡើង ធ្វើឱ្យភ្ញៀវខ្លះជាន់ថ្មប្រាសាទពេលដើរទស្សនា ធ្វើឱ្យមានការរអិលគ្រោះថ្នាក់ និងធ្វើឱ្យមាន ការសឹករេចរឹលថ្មផងនោះ ហើយដោយមើលឃើញពីប្រយោជន៍នៃស្ពានឈើនេះអាច សង្គ្រោះដល់ប្រាសាទផង អាជា្ញធរជាតិអប្សរាក៏បានបន្តពង្រីកធ្វើស្ពានឈើនេះជាបន្តភ្ជាប់ ជាមួយស្ពានចាស់រហូតមកដល់សព្វថ្ងៃ៕

ដោយ ហង្ស សៀក