មេដឹកនាំអ៊ីស្រាអែលប្តេជ្ញាបញ្ឈប់ការបាញ់រ៉ុក្កែតពីហ្គាហ្សាជាមួយកម្លាំងដ៏ធំ

AKP ភ្នំពេញ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ — នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន នេតាន់យ៉ាហ៊ូ (​Ben Jamin Netanyahu ) បានព្រមានកាលពីថ្ងៃពុធថា អ៊ីស្រាអែលនឹងធ្វើសកម្មភាពជាមួយនឹងកម្លាំងដ៏ធំ ប្រសិនបើការបាញ់រ៉ុក្កែតពីហ្គាហ្សា បន្តទៅទៀតនោះ ។

ការកត់សម្គាល់របស់លោកធ្វើឡើងក្នុងអំឡុងទស្សនកិច្ចមួយនៅកងពលធំហ្គាហ្សា នៃកងកម្លាំងការពារអ៊ីស្រាអែល បន្ទាប់ពីរ៉ុក្កែតមួយគ្រាប់ដែលបាញ់ដោយពួកសកម្មប្រយុទ្ធហ្គាហ្សា បានទៅចំលំនៅដ្ឋានមួយ ក្នុងប្រទេសអ៊ីស្រាអែលភាគខាងត្បូង ។

សេចក្តីថ្លែងការណ៍មួយដែលផ្សាយដោយការិយាល័យរបស់លោក នេតាន់យ៉ាហ៊ូ បានដកស្រង់សំដី លោកដែលនិយាយថា ប្រសិនបើការវាយប្រហារទាំងនេះនឹងមិនបញ្ឈប់ទេនោះ យើងនឹងបញ្ឈប់ការវាយប្រហារទាំងនេះ ។

កាលពីព្រឹកថ្ងៃពុធនេះ រ៉ុក្កែតមួយគ្រាប់បានទៅចំលំនៅដ្ឋានអ្នកស្រុកមួយនៅក្នុងទីក្រុង Beersheba ប្រទេសអ៊ីស្រាអែលភាគខាងត្បូង ដែលបង្កឱ្យមានការខូចខាតលំនៅដ្ឋាននោះ ព្រមទាំងធ្វើឱ្យមានការភ័យស្លន់ស្លោជាសាធារណៈ ។

ក្នុងការឆ្លើយតបកងកម្លាំងអាកាសអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាស ទៅលើកន្លែងយោធាប្រហែល ២០នៅហ្គាហ្សា ដែលសម្លាប់ជនប៉ាឡេស្ទីនយ៉ាងហោចណាស់ម្នាក់, នេះបើតាមយោធា អ៊ីស្រាអែល និងក្រសួងសុខាភិបាលប៉ាឡេស្ទីនបានឱ្យដឹង ។

ការកើនរឹតតែខ្លាំងនេះ បានកើតឡើងនៅពេលមានកិច្ចប្រឹងប្រែងដោយប្រទេសអេហ្ស៊ីប និង អ.ស.ប ដើម្បីធ្វើជាអាជ្ញាកណ្តាលការឈប់បាញ់មួយរវាងពួកប៉ាឡេស្ទីន និង អ៊ីស្រាអែល ។ ក្រុមហាម៉ាស់ និងពួកសកម្មប្រយុទ្ធដែលមានជាប់ពាក់ព័ន្ធបានបដិសេធថា មិនបានធ្វើការវាយប្រហារដោយរ៉ុក្កែតណាមួយថា កាលពីថ្ងៃពុធនេះទេ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )