តួកគីរង់ចាំការអនុញ្ញាតឱ្យធ្វើការស្រាវជ្រាវលំនៅដ្ឋានកុងស៊ុលអារ៉ាប៊ីសាអូឌីត

AKP ភ្នំពេញ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ — ប្រទេសតួកគីនិយាយថា ខ្លួនកំពុងរង់ចាំការអនុញ្ញាតជាចុងក្រោយពីប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បី ធ្វើការស្រាវជ្រាវលំនៅដ្ឋានរបស់អគ្គកុងស៊ុលអារ៉ាប៊ីសាអូឌីត ក្នុងទីក្រុងអ៊ីស្តង់ប៊ុលជាផ្នែកនៃការស៊ើប អង្កេតមួយលើការបាត់ខ្លួនអ្នកកាសែតអារ៉ាប៊ីសាអូឌីត លោក Jamal Khashoggi ។

ថ្លែងទៅកាន់ទីភ្នាក់ងារព័ត៌មានរដ្ឋ Anadolu កាលពីថ្ងៃពុធនេះរដ្ឋមន្ត្រីមហាផ្ទៃតួកគី Suleyman Soylu បាននិយាយថា ប្រទេសអារ៉ាប៊ីសាអូឌីតបានទទួលយកការស្នើសុំមួយ សម្រាប់ធ្វើការស្រាវជ្រាវលំនៅដ្ឋានរបស់ខ្លួននៅឡើយទេ ។

លោករដ្ឋមន្ត្រីបាននិយាយថា នៅពេលគេសម្រេចបានការមូលមតិរួមគ្នាមួយភ្លាមជំហានធ្វើការ ស្រាវជ្រាវលំនៅដ្ឋាននោះនឹងត្រូវគេធ្វើឡើង ។ លោក Soylu បាននិយាយបន្ថែមថា ប្រទេសតួកគីនឹងគ្រប់គ្រងបញ្ហានេះ ដោយមានតម្លាភាព និងបើកចំហដល់ពិភពលោកក្នុងរង្វង់វិធានការដែលច្បាប់ផ្តល់ឱ្យ ។

នៅពេលដែលការស៊ើបអង្កេតប្រព្រឹត្តិទៅនៃករណីលោក Khashoggi នោះ អគ្គកុងស៊ុលរបស់ ប្រទេសអារ៉ាប៊ីសាអូឌីត លោក Mohammad al-Otaibi បានចេញពីប្រទេសតួកគីទៅកាន់ទីក្រុងរីយ៉ាដ កាលពីថ្ងៃអង្គារ ។
កាលពីថ្ងៃចន្ទក្រុមស៊ើបអង្កេតតួកគីបានបញ្ចប់ការស្រាវជ្រាវរយៈពេល៩ម៉ោង នៅក្នុងអាគារស្ថាន កុងស៊ុលជាកន្លែង ដែលអ្នកកាសែតអារ៉ាប៊ីសាអូឌីត ត្រូវបានគេឃើញដើរចូលទៅជាចុងក្រោយ កាលពីថ្ងៃទី២ខែតុលា ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)