អ៊ីរ៉ង់រិះគន់ការធ្វើអន្តរាគមន៍បរទេសក្នុងកិច្ចការប្រទេសកាតា

AKP ភ្នំពេញ ថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០១៨ — ទីភ្នាក់ងារព័ត៌មាន Tasnim រាយការណ៍ពីថ្ងៃពុធថា ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន រូហានី ( Hassan Rouhani ) បានរិះគន់ការជ្រៀតជ្រែករបស់បរទេសក្នុងកិច្ចការក្នុងស្រុករបស់ប្រទេសកាតា ។


នៅក្នុងកិច្ចប្រជុំមួយជាមួយឯកអគ្គរដ្ឋទូតថ្មីរបស់ប្រទេសកាតា នៅក្រុងតេហេរ៉ង់ កាលពីថ្ងៃអង្គារ លោក រូហានី បាននិយាយថា អ៊ីរ៉ង់ និងកាតា មានការអភិវឌ្ឍនូវទំនាក់ទំនងយ៉ាងកក់ក្តៅនិងស្និទ្ធស្នាលក្នុង ប៉ុន្មានឆ្នាំថ្មីៗនេះ ។

គេបានដកស្រង់សំដីលោកដែលនិយាយថា ជំហររបស់ប្រទេសទាំងពីរលើបញ្ហាថ្នាក់តំបន់មានភាពជិតស្និទ្ធកាន់តែកើនឡើង ។ ប្រធានាធិបតីអ៊ីរ៉ង់បានរិះគន់ថា មិនអាចទទួលយកបាននូវអ្វីដែលលោកហៅថា ការជ្រៀតជ្រែក របស់បរទេសនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសកាតា ។

លោកបាននិយាយបន្ថែមថា យើងជឿថា ប្រទេសកាតាធំ ហើយពួកអាជ្ញាធរកាតាក៏កំពុងគ្រប់គ្រង ប្រទេសរបស់ពួកគេដោយប្រុងប្រយ័ត្នផងដែរ ។ លោក រូហានី បានសំដែងសេចក្តីសង្ឃឹម ដើម្បីពង្រីកចំណងទាក់ទងតេហេរ៉ង់-ដូហា ក្នុងអំឡុង អាណត្តិរបស់ឯកអគ្គរដ្ឋទូតថ្មីនេះ ដោយចង្អុលបង្ហាញទៅរកហេតុផលសម្រាប់ធ្វើកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យសេដ្ឋកិច្ចនិងនយោបាយ,ការធ្វើវិនិយោគឧស្សាហកម្មធនាគារ និងទេសចរណ៍ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)