ស្លាប់១៩ នាក់របួស៤០នាក់ក្នុងការវាយប្រហារមហាវិទ្យាល័យមួយនៅគ្រីមៀរ

AKP ភ្នំពេញ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ — ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា មនុស្សយ៉ាងហោចណាស់ ១៩នាក់ភាគច្រើនជាក្មេងជំទង់បានស្លាប់ នឹង៤០នាក់ទៀតរបួសកាលពីថ្ងៃពុធនេះ នៅក្នុងការវាយប្រហារទៅលើមហាវិទ្យាយល័យមួយក្នុងទីក្រុង Kerch របស់គ្រីមៀរ ។

តាមសេចក្តីរាយការណ៍នោះឱ្យដឹងថា គ្រាប់បែកដែលគេមិនស្គាល់មួយគ្រាប់បានផ្ទុះឡើងនៅក្នុងកង់ទីនមួយនៃមហាវិទ្យាល័យ Kerch Polytechnic College នៅប្រហែលពាក់កណ្តាលថ្ងៃ ម៉ោងក្នុងស្រុក ។ ការផ្ទុះនេះ មានអមទៅដោយការបាញ់ផង ។

ការិយាល័យនៅគ្រីមៀរ របស់រដ្ឋអាជ្ញាអ៊ុយក្រែន និង គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ី បានបើកធ្វើការស៊ើបអង្កេតឧក្រិដ្ឋកម្មនេះដាច់ដោយឡែកពីគ្នានៅក្នុងឧប្បត្តិហេតុលើការចោទប្រកាន់«អំពើភេរវកម្ម »។ នៅល្ងាចថ្ងៃពុធ គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ីបាននិយាយថា ករណីនេះគឺជា « មហាឃាតកម្ម » មួយនឹងបានប្រាប់ថា ឈ្មោះ វ្ល៉ាឌីស្លាវ រ៉ូស្លីយ៉ាកូវ ជាអ្នកបាញ់ប្រហារដែលគេបានសង្ស័យ ។

គណៈកម្មាធិការនោះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រ៉ូស្លីយ៉ាកូវ និស្សិតឆ្នាំ ទី៤ នៃ មហាវិទ្យាល័យនេះ បានធ្វើអត្តឃាតបន្ទាប់ពីការវាយប្រហារនេះ ។ សាក្សីបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា មានអ្នកវាយប្រហារជាច្រើននាក់ប៉ុន្តែសេចក្តីរាយការណ៍ទាំងនោះមិនត្រូវបានគេបញ្ជាក់អះអាងជាផ្លូវការទេ ។ គេបានដាក់ស្ថានភាពគ្រាអាសន្ននៅ Kerch ក្នុងខណៈមានការវាយប្រហារនេះ ។ គ្រប់គ្រឹះស្ថានអប់រំទាំងអស់ក្នុងទីក្រុងនេះត្រូវគេបិទ ។

គេបានប្រកាសការកាន់ទុក្ខរយៈពេល ៣ ថ្ងៃដល់ពួកជនរងគ្រោះពីការវាយប្រហារនៅគ្រីមៀរនេះ។ គ្រីមៀរ ត្រូវបានគេបញ្ចូលទៅក្នុងប្រទេសរុស្ស៊ីក្នុងខែមីនា ឆ្នាំ២០១៤ បន្ទាប់ពីការធ្វើប្រជាមតិក្នុងស្រុកមួយ ។ អ៊ុយក្រែននិយាយថា ឧបទ្វីបនេះត្រូវបានគេធ្វើឧបសម្ព័ន្ធ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )