ប្រធានាធិបតីរុស្ស៊ី និងអេហ្ស៊ីប​ធ្វើសន្និសីទសារព័ត៌មាន នៅទីក្រុងសូជី(Sochi)

AKP ភ្នំពេញ ថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០១៨ — កាលពីថ្ងៃពុធ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងសមភាគីអេហ្ស៊ីបរបស់​លោក លោក​ Abdel Fattah Sisi បានពិភាក្សាគ្នាពីបញ្ហានានា ស្តីអំពីរបៀបវារៈក្នុងតំបន់​ជាពិសេសកិច្ចសហប្រតិបត្តិការទ្វេភាគី​ក្នុងអំឡុងពេលកិច្ចប្រជុំចង្អៀតមួយ។

លោក ពូទីន បាននិយាយនៅពេលពិធីបើកកិច្ចពិភាក្សាថា យើងរីករាយនឹងស្វាគមន៍​មិត្តភក្តិ​របស់​យើង​នៅក្នុងប្រទេសរុស្ស៊ីនេះ ហើយនឹងការផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក ស្តីអំពីការអភិវឌ្ឍនៃចំណងទាក់ទងទ្វេភាគី​ ជាពិសេសនូវរាល់បញ្ហានានានៅក្នុងតំបន់​នាពេល​បច្ចុប្បន្ននេះ នៅទីនេះ (ទីក្រុងសូជី)។

លោកប្រធានាធិបតីបានបន្ថែមទៀតថា លោក ពូទីន បានប្តេជ្ញាចិត្តផងដែរ ពីការអភិវឌ្ឍ​ចំណងទាក់ទងផ្នែកសេដ្ឋកិច្ចទ្វេភាគី។ កាលពីឆ្នាំ២០១៧ ទំហំពាណិជ្ជកម្ម រុស្ស៊ី-អេហ្ស៊ីប​បាន​កើនឡើងដល់៦២ភាគរយ​ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៦​ ខណៈដែលក្នុងរយៈពេល៦ខែ​ដំបូងក្នុងឆ្នាំនេះ បានបង្ហាញនូវការកើនឡើង២៨ភាគរយ ក្នុងផ្នែកពាណិជ្ជកម្មទ្វេភាគី​ពីមួយ​ឆ្នាំទៅមួយឆ្នាំ​។

លោកប្រធានាធិបតីបាននិយាយថា ការកើនឡើងផ្នែកពាណិជ្ជកម្មនេះ គឺជាលទ្ធផល​នៃការតភ្ជាប់ទ្វេភាគីនូវរាល់មុខទំនិញច្រើនផ្នែក ខណៈដែលបច្ចុប្បន្ននេះ ប្រទេសទាំងពីរ​បាន​សហការគ្នានៅក្នុងវិស័យនានាមួយចំនួនមានដូចជា៖ កសិកម្ម ឧស្សាហកម្ម និងសំណង់​អគារ​ជាដើម។

លោក ពូទីន បានបន្ថែមថា ប្រទេសទាំងពីរបានអនុវត្តរួមគ្នានូវគម្រោង​ធំៗជាច្រើនមាន​ដូចជា៖ សំណង់អគាររោងចក្រថាមពលនុយក្លេអ៊ែរមួយ ​និងសួនឧស្សាហកម្មមួយនៅក្នុង​ប្រទេស​អេហ្ស៊ីប ព្រមទាំងបានបង្កើតនូវទ្រង់ទ្រាយភាពជាដៃមិត្តភាពមួយ ដោយសង្កត់ធ្ងន់​ជាពិសេស ទៅលើកិច្ចសហប្រតិបត្តិការគ្នារវាងក្រសួងការពារជាតិ​ និងក្រសួងការបរទេស​ផងដែរ៕

( ប្រភព Sputnik៖ បកប្រែដោយលោក មាស សំអុល )