ក្រសួងការងារបញ្ជាក់ថា វិស័យការងារ និងកិច្ចគាំពារសង្គមកំពុងឈានទៅរក ភាពល្អប្រសើរ

វិទ្យុជាតិកម្ពុជា៖ អត្ថបទដោយលោក ជួន បូណា

ភ្នំពេញ៖ រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានអះអាងថា វិស័យ​ការងារ និងកិច្ចគាំពារសង្គម នឹងមាន ភាពល្អប្រសើរជាងពេលបច្ចុប្បន្ននេះ ខណៈដែលរាជរដ្ឋាភិបាលនឹងដាក់អោយអនុវត្ដនូវកិច្ចគាំពារសង្គម និងផ្នែកគ្រោះ ថ្នាក់ការងារនៅដើមឆ្នាំ២០១៩ខាងមុខនេះ។

ប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយបញ្ចប់ពិធីបើកសិក្ខាសាលាថ្នាក់ជាតិស្តីពីការរៀបចំកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជាឆ្នាំ២០១៩-២០២៣ នាព្រឹកថ្ងៃទី១៨ ខែតុលា នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ ឯកឧត្ដមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្ដី ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ការអនុវត្តកម្មវិធីការងារសមរម្យសម្រាប់ប្រទេស  កម្ពុជា ឆ្នាំ២០១៩-២០២៣ កម្ពុជាបានកំណត់អាទិភាពចំនួន៣ ទី១ការលើកកម្ពស់ទំនាក់ទំនងវិជ្ជាជីវៈ និងសិទ្ធិការងារ ទី២ការ បង្កើតការងារថ្មីៗ   និងទី៣ ការលើកកម្ពស់ និងការពង្រីកការគាំពារសង្គម និងផ្នែក អនាម័យនិងសុវត្ថិភាព ការងារ ។

ឯកឧត្ដមបានបញ្ជាក់ថា ក្រោយពីច្បាប់ស្ដីពីកិច្ចគាំពារសង្គមត្រូវបញ្ចប់នាពេលឆាប់ៗនេះ រាជរដ្ឋាភិបាលនឹងដាក់ អោយ អនុវត្ដនូវកិច្ចគាំពារសង្គម និងផ្នែកគ្រោះថ្នាក់ការងារនៅដើមឆ្នាំ២០១៩ខាងមុខនេះ ដើម្បីធ្វើអោយបុគ្គលិក កម្មករ កម្មការនីទទួលបាន នូវកិច្ចគាំពារសង្គម នឹងមានភាពល្អប្រសើរជាងពេលបច្ចុប្បន្ននេះ ។

ឯកឧត្ដមបានបញ្ជាក់ទៀតថា វិស័យការងារ និងកិច្ចគាំពារសង្គមនាពេលកន្លងមក គឺទទួលបានជោគជ័យ នៅក្នុង នីតិកាលទី៥កន្លងមក ដោយបានអភិវឌ្ឍន៍វិស័យការងារ និងសិទ្ធសេរីភាពនៅក្នុងវិស័យការងារ ដែលត្រូវបានទទួល  នូវ កិច្ចគាំពារតាមរយៈការអនុវត្ដច្បាប់ស្ដីពីការងារ និងច្បាប់ស្ដីពីសហជីព។

លោក ជួន មុំថុល តំណាងសហជីពកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិសហជីព សម្រាប់កម្មវិធីការងារសម  រម្យប្រចាំ  ប្រទេសកម្ពុជាបានលើកឡើងថា វិស័យការងារ និងកិច្ចគាំពារសង្គមនាឆ្នាំ២០១៩ខាងមុខនេះ នឹងមាន  ភាពល្អប្រសើរជាងពេលបច្ចុប្បន្ន ដែលកម្មករ កម្មការនីនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីរាជរដ្ឋាភិបាល ដូចជា កិច្ចគាំពារសង្គម ការតំឡើងប្រាក់ឈ្នួល ការផ្ដល់អទិភាពចំពោះស្ដ្រីដែលមានផ្ទៃពោះ ការផ្ដល់ប្រាក់ឧបត្ថមពេលឆ្លងទន្លេ ការបញ្ចុះតម្លៃទឹក និងភ្លើងជាដើម ៕