លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពីធីប្រកាសចូលកាន់តំណែងអាណត្តិទី៧ របស់សមាគមនិកាយចិនទៀជីវនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ –លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពធីប្រកាសចូលកាន់តំណែងអាណត្តិទី ៧ របស់សមាគមនិកាយចិនទៀជីវ នៅកម្ពុជា ដើម្បីកៀរគរអ្នកវិនិយោគកាន់តែច្រើនមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ។ ពិធីប្រកាសចូលកាន់តំណែងនេះបានប្រារព្ធឡើងនៅមជ្ឈមណ្ឌលសន្និបាតពិព័ណ៍កោះពេជ្រ រាធានីភ្នំពេញរាត្រីថ្ងៃអង្គារ ៧កើត ខែអស្សុជ ឆ្នាំច ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨។

 

    លោកជំទាវកិតិ្ដសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្ននេះកម្ពុជាទទួលបាននូវស្ថិរភាព សន្ដិសុខ សន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសវិស័យវិនិយោគ សំណង់ ពាណិជ្ជកម្ម និងទេសចរណ៍ ជាដើម ។

   

លោកជំទាវបានថ្លែងថា  សមាគមនិកាយ ចិនទៀជីវកម្ពុជា ពិតជាបានចូលរួមចំណែកក្នុងការកសាងកំណើនសេដ្ឋកិច្ចជាតិ កាត់បន្ថយភាពក្រីក្រស្របតាមគោលនយោបាយរបស់រាជ  រដ្ឋាភិបាលកម្ពុជា តាមរយៈការប្រមូលផ្តុំនូវបញ្ញាញាណ ពិគ្រោះយោបល់ ដើម្បីដាក់ទុនវិនិយោគ ធ្វើអាជីវកម្ម ការបណ្តុះបណ្តាលភាសាចិន ការកសាងសាលារៀន និងជួយឧបត្ថម្ភសមាជិក ទៅវិញទៅមក ដើម្បីទទួលបានផលចំណេញដល់សមាជិកផង ដល់សង្គមជាតិផង ។  

 

លោកជំទាវក៏បានសំណូមពរឱ្យប្រធានសមាគមថ្មីនេះត្រូវអនុវត្តន៍តាមតួនាទី និងភារកិច្ចរបស់ខ្លួន និងគោរពតាមច្បាប់ និងបទដ្ឋានគតិយុត្តនានារបស់ព្រះរាជាណាចក្រកម្ពុជាឱ្យបានល្អ ក្នុងគោលបំណងចូលរួមអភិវឌ្ឍន៍សង្គមជាតិ មាតុភូមិដ៏បវរបស់យើងទៅថ្ងៃអនាគត ៕

 

ដោយ សួស សំរិត