កម្ពុជានិងថៃឯកភាពគាំទ្រគ្នាទៅវិញទៅមកលើការងារអភិវឌ្ឍន៍វិស័យទេសចរណ៍ឲ្យរីកចំរើន

វិទ្យុជាតិកម្ពុជា៖ អត្ថបទលោកចេម ហួត

ភ្នំពេញ៖ រដ្ឋមន្ត្រីទេសចរណ៍ប្រទេសកម្ពុជា និងថៃបាន ឯកភាពគាំទ្រគ្នាទៅវិញទៅមកលើការងារអភិវឌ្ឍន៍  វិស័យទេសចរណ៍ ឲ្យរីកចំរើនតាមរយៈការបណ្តុះបណ្តាលធនធានមនុស្សជំរុញការវិនិយោគវិស័យនេះ និងការសម្រួលដល់ភ្ញៀវទេសចរ តាមច្រក ព្រំដែន។

ក្នុងកិច្ចប្រជុំទ្វេភាគីកម្ពុជា-ថៃលើកទី២​ ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យ​​ទេសចរណ៍កាលពីថ្ងៃទី១៧​ ខែតុលា នេះ​ នៅ សណ្ឋាគារ ឡឺ បូកគោ​ផាលេស ខេត្តកំពតឯកឧត្តម ថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងឯកឧត្តម វីរ៉ាស័ក្តិ កូវស៊ូ រ៉ាត់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍​ថៃបានឯកភាពគ្នាដាក់ចេញផែនការធំៗមួយចំនួន ដើម្បីបន្តកិច្ចសហប្រតិបត្តិការលើវិស័យ ទេសចរណ៍ជាមួយគ្នា។

ឯកឧត្តម ថោង ខុន បានបញ្ជាក់ថា ភាគីទាំងពីរបានជំរុញលំហូរទេសចរទៅវិញទៅមក ព្រមទាំង ទេសចរមកពី  ប្រទេសទីបី ទស្សនា ប្រទេសទាំងពីរ តាមរយៈសំរួលការធ្វើដំណើ និង ដឹកជញ្ជូនទេសចរ ការរៀបចំ សម្បាទា និង ហេដ្ឋារចនាសម្ពន័នានា នៅតាមច្រកទ្វារព្រំដែន ព្រមទាំងបញ្ហា ទិដ្ឋការ និង ការប្រើប្រាស់ ប័ណ្ណព្រំដែន។

ឯកឧត្តមបន្តថា កម្ពុជា និងថៃបានឯកភាពគ្នាបន្តជំរុញសកម្មភាពផ្សព្វផ្សាយរួមគ្នា «ព្រះរាជាណាចក្រពីរ គោលដៅ​​ទេសចរណ៍មួយ» ដោយចូលរួមគ្នាផលិតឯកសារផ្សព្វផ្សាយជា video និងការចូលរួមការតាំងពិពរណ៍ទេសចរណ៍ ក៏ដូចជា​ជំរុញខ្សែទស្សនកិច្ចដែលក្រុមជំនាញបានរៀបចំដោយត្រូវរៀបចំអោយ មានកិច្ចប្រជុំត្រីភាគី តំបន់ត្រីកោណសមុទ្រកម្ពុជា ថៃ វៀតណាម និង ត្រូវជំរុញទេសចរណ៍ សមុទ្រ ទេសចរណ៍ តាមនាវា។ ឯកឧត្តមបន្តថា ភាគីទាំងពីរក៍បាន ជំរុញការ​តភ្ជាប់​ការហោះហើរត្រង់ទៅវិញទៅមករវាងប្រទេសថៃ ពិសេស ភាគខាងត្បូងថៃ និងខេត្តព្រះសីហនុ​នៃប្រទេសកម្ពុជា​​ផង​​ដែរ។

ជាមួយគ្នានេះដែរឯកឧត្តមថោង ខុន បានស្នើដល់ភាគីឲ្យថៃពិចារណាជួយបណ្ដុះបណ្ដាលផ្នែកជំនាញទេសចរណ៍ ការ​គ្រប់​គ្រង គោលដៅទេសចរណ៍ រមនិយដ្ឋានទេសចរ​ណ៍ និងបដិសណ្ឋារកិច្ច ពិសេសដល់មន្ទីរទេសចរណ៍​នៃខេត្តជាប់​​ព្រំដែន។  ម៉្យាងវិញទៀត​​​​​​​​​​​​​កម្ពុជា​បាន​អញ្ជើញវិនិយោគិនថៃ ក៏ដូចជាអ្នកពាក់ព័ន្ធខាងភាគីថៃ មកវិនិយោគនៅកម្ពុជា និង ចូល​រួមផ្សព្វផ្សាយគោលដៅទេសចរណ៍ ក្នុងព្រឹត្តិការបុណ្យទន្លេ និងបុណ្យសមុទ្រ​ដែលរៀបចំឡើង​​ជារៀងរាល់ឆ្នាំ។

ឯកឧត្តម វីរ៉ាស័ក្តិ កូវស៊ូរ៉ាត់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថៃបានមានប្រសាសន៍ថា បានឯកភាពជំរុញអ្នកវិនិ​យោគថៃឲ្យ​មក​​រក​​ស៊ីដាក់ទុនលើវិស័យទេសចរណ៍កម្ពុជា ហើយនឹងជួយ​​​​បណ្តុះ​​បណ្តាលដល់មន្ត្រីទេសចរកម្ពុជា ខណៈថៃកំពុងជួយ​បណ្ដុះ​​​​បណ្ដាល តាមរយៈការចុះ​​អនុស្សរណៈជាមួយក្រសួងទេសចរណ៍ និងសាកលវិទ្យាល័យ រាចាម៉ាន់ហ្កាឡាថាន់យ៉ាបុរី​។

សូមបញ្ជាក់ថា នៅឆ្នាំ២០១៧ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៥លាន៦សែននាក់ ក្នុងអត្រាកំណើន ជិត១២​​ភាគ​ធៀប​​នឹងឆ្នាំ២០១៦ ក្នុងនោះទេសចរថៃមានប្រមាណ ៤០ម៉ឺននាក់រីឯទេសចរ កម្ពុជាទៅថៃមានប្រមាណ ៨៤ ម៉ឺននាក់​។​សម្រាប់៨ខែដើមឆ្នាំ២០១៨     កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន ជិត៤លាននាក់ កើនឡើងចំនួន ជិត១២ភាគរយ ក្នុងនោះ​​ទេសចរថៃមានប្រមាណ ២សែន១ម៉ឺននាក់៕