សាខាសមាគមនារីកម្ពុជាខេត្តកំពង់ឆ្នាំង នាំយកអំណោយចែកជូនស្ត្រីសម្រាលកូន នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង

AKP កំពង់ឆ្នាំង ថ្ងៃទី១៨ ខែតុលា ​ឆ្នាំ២០១៨ –នៅថ្ងៃពុធ ៨កើត ខែអស្សុជ ឆ្នាំច សរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ លោកជំទាវ កែ ច័ន្ទមុនី សមាជិកសភាមណ្ឌលខេត្តកំពង់ឆ្នាំង និងជាប្រធាន កិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ឆ្នាំង រួមដំណើរ ដោយ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងមន្ត្រីរាជការបានចុះសួរសុខទុក្ខ និងនាំ យកអំណោយមនុស្សធម៌ទៅផ្ដល់ជូនស្ត្រីសម្រាលកូនចំនួន ២៧នាក់ដែលកំពុងសម្រាក នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។

លោកជំទាវ កែ ច័ន្ទមុនីបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេច កិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាជូនចំពោះបងប្អូនស្ត្រី សម្រាលកូន ដោយក្ដីនឹករលឹក។ លោកជំទាវបានផ្ដាំផ្ញើឱ្យស្ត្រីសម្រាលកូនទាំងអស់ខិត ខំថែរក្សាសុខភាព ប្រកបដោយអនាម័យរស់នៅស្អាត  ហូបស្អាត ផឹកស្អាត និងយកកូន ទៅចាក់ថ្នាំការពារឱ្យបានគ្រប់ចំនួនតាមការកំណត់របស់គ្រូពេទ្យ។

លោកជំទាវបានបញ្ជាក់ថា មិនត្រូវឱ្យ​ស្ត្រីណាម្នាក់ស្លាប់ដោយសារការផ្តល់កំណើតថ្មី មួយទៀតឡើយ ហើយ​ចាំបាច់​យើងត្រូវតែផ្តល់អាទិភាពទៅលើសុខភាពស្ត្រីទាងនោះ។ រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់ក្នុងការខិតខំបន្ត ដើម្បីសម្រេចគោលដៅ​អភិ វឌ្ឍន៍​សហស្សវត្ស ដែលសម្ដែងនូវឆន្ទៈខ្ពស់ក្នុងការបន្តរួមចំណែកការងារ លើកកម្ពស់សុខ ភាពស្ត្រី កុមារ និង ទារកនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសការកាត់បន្ថយ​អត្រា ស្លាប់របស់មាតា និង ទារក នៅពេលកំពុងសម្រាលកូន និង ក្រោយពេលសម្រាលកូននោះ ។

ពាក់ព័ន្ធជាមួយ បញ្ហានេះលោក ជំទាវ ក៏បានអំពាវនាវឱ្យផ្តោតការយកចិត្តទុកដាក់ កាន់តែទូលំទូលាយថែមទៀតលើការ អប់រំសុខភាព និង អនាម័យ និងគ្រប់តួអង្គពាក់ព័ន្ធ​ក្នុងការផ្តល់សេវា​សុខភាព ត្រូវបន្តធ្វើឱ្យកាន់តែប្រសើរ​ឡើងនូវ​ប្រព័ន្ធ​សុខាភិបាល និង ការ ថែទាំសុខភាព ព្រមទាំងសេវាបម្រើសុខភាពមាតា និង ទារក សុខភាពបន្តពូជ និងការអនុវត្ត ផែន​ការ​គ្រួសារ ដោយស្ម័គ្រចិត្ត តាមរយៈការលើកទឹកចិត្តជំរុញ និងគាំទ្រចំពោះស្ត្រីមានផ្ទៃ ពោះគ្រប់រូបឱ្យទៅ​សម្រាល​កូននៅមន្ទីរពេទ្យ មន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាព ជំរុញស្ត្រី មានផ្ទៃពោះឱ្យទទួលការ​ពិនិត្យ​សុខភាព ទន្ទឹមនេះ​ត្រូវបន្តពង្រឹង និងយកចិត្តទុកដាក់ឱ្យ​បានស៊ីជម្រៅថែមទៀតដល់ការបណ្តុះ​បណ្តាល​ជំនាញពេទ្យឆ្មប និងលើកកម្ពស់សីលធម៌​ល្អក្នុង ការសង្គ្រោះ​​បន្ទាន់ផ្នែកសម្ភព និងការថែ ទាំទារកផង​ដែរ។

អំណោយដែលផ្ដល់ជូនក្នុងស្ត្រីសម្រាលកូនក្នុងម្នាក់ៗ រួមមាន  ទឹកដោះគោ  ស្ករស  សារុង១  ក្រមា១ កន្សែងពោះគោ១  ខោអាវសម្ភារទារក សាប៊ូសម្អាតទារក និងថវិកាមួយ ចំនួន។ក្នុងនោះមានស្ត្រីចំនួន២នាក់ដែលមានជីវភាពកម្រិតទាបនិងងាយរងគ្រោះបានទទួលថវិកាបន្ថែមក្នុងម្នាក់២៥ម៉ឺនរៀលបន្ថែមទៀត

ដោយ បៃ ស៊ីថុន