អ្នកសារព័ត៌មានកម្ពុជា និងអ្នកសាព័ត៌មានមកពីបណ្តាប្រទេសអាស៊ានផ្សេងទៀតស្វែងយល់ពីវិស័យព័ត៌មាន របស់កូរ៉ខាងត្បូងរយៈពេល១ខែ

វិទ្យុជាតិកម្ពុជា៖ ដោយកញ្ញា អ៊ិន ហ្វានីន
ភ្នំពេញ៖ អ្នកសារព័ត៌មានចំនួន៩រូបមកពីប្រទេសក្នុងអាស៊ានពីប្រទេសកម្ពុជា ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន និងវៀតណាម ត្រូវបានអញ្ជើញទៅចូល សន្និសីទសារព័ត៌មាន Kwanhun-KPF 2018នៅប្រទេសកូរ៉េខាងត្បួងចាប់ពីថ្ងៃទី ១៣ ខែតុលា ដល់ថ្ងៃទី ១០ ខែវិចិ្ឆកា ឆ្នាំ ២០១៨។
កម្មវិធីសិក្ខាសាលានេះបានធ្វើឡើងជារៀងរាល់ឆ្នាំ ចាប់តំាងពីឆ្នាំ ២០១២ មក ដែលការផ្តួចផ្តើមកម្មវិធីនេះឡើងដោយ មូលនិធិសារព័ត៌មានកូរ៉េសហការជាមួយនឹងក្លឹបអ្នកសារព័ត៌មាន Kwanhun។
ក្នុងកិច្ចបើកកម្មវិធីកាលពីថ្ងៃទី១៥ខែតុលានេះលោក Byung Wook MIN អគ្គនាយកនៃ មូលនិធិសារព័ត៌មានកូរ៉េមានប្រសាសន៍ថា កម្មវិធីនេះបង្កើតឡើង ដើម្បីតបស្នងដល់បណ្តាប្រទេសក្នុងអាស៊ានទាំងអស់ដែលធ្លាប់ជួយប្រទេសកូរ៉េក្នុងអំឡុងពេលដែលប្រទេសកូរ៉េកំពុងមានសង្គ្រាម ក្នុងនោះក៏មានបំណងចង់ចែករំលែកនូវបទពិសោធន៍ផ្នែកសារព័ត៌មានរបស់ប្រទេសកូរ៉េទៅកាន់សហគមន័អាស៊ានផងដែរ។ កត្តាចំបងគឺប្រទសកូរ៉េចង់បង្កើននំនាក់ទំនងជាមួយប្រទេសជាសមាជិកអាស៊ានឲ្យកាន់តែរឹងមាំនិងស៊ីជម្រៅថែមទៀត ។
សូមបញ្ជាក់ថា ក្នុងរយៈពេល ៤ សប្តាហ៍នៃកម្មវិធីនេះ សិក្ខាកាមទាំងអស់នឹងទទួលបានបទពិសោធន៍ទាក់ទងនឹងវិស័យសារព័ត៌មាន ទំនើបកម្មនៃប្រព័ន្ឋព័ត៌មានរបស់ប្រទេសកូរ៉េ វប្បធម៌ និងសង្គមរស់នៅរបស់ប្រជាជនកូរ៉េ។ ក្រៅពីចូលរួមសិក្ខាសាលា អ្នកសារព័ត៌មានទំាង៩ រូប ក៏នឹងត្រូវបានអញ្ជើញទៅទស្សនានូវបណ្តារទីតាំងទេសចរសំខាន់ៗ មួយចំនួនរបស់ប្រទេសកូរ៉េផងដែរ៕