ប្រធានសភា IPU គាំទ្រយ៉ាងពេញទំហឹងចំពោះជោគជ័យ នៃការបោះឆ្នោតនៅកម្ពុជា ដែលបង្ហាញពីលទ្ធិប្រជាធិបតេយ្យយ៉ាងពិតប្រាកដ

AKP ភ្នំពេញ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ –លោកជំទាវ Gabriela Cueva Barron ប្រធាន​សហភាពអន្តរសភា(IPU)បានអបអរសាទរ និងគាំទ្រយ៉ាងពេញទំហឹង ក៏ដូចជាវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលដែលកម្ពុជា​សម្រេចបាន សម្រាប់លទ្ធផលដ៏ជោគជ័យ​នៃការបោះឆ្នោតឆ្នាំ២០១៨នៅកម្ពុជា ដែលបានបង្ហាញអំពីលទ្ធិប្រជាធិបតេយ្យ យ៉ាងពិតប្រាកដ។ នេះបើយោងតាមការចេញផ្សាយតាមបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុកផ្លូវការរបស់លោកជំទាវ ឃួន សុដារីអនុប្រធានទី២ រដ្ឋសភាកម្ពុជា នាថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០១៨។

ការប្រកាសនេះធ្វើឡើងក្នុងឱកាសលោកជំទាវប្រធានសភា IPU ទទួលជួបសម្តែងការគួរសម ជាមួយគណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយ លោកជំទាវ ឃួន សុដារី អនុប្រធានទី២ រដ្ឋសភា និងជាប្រធានគណៈប្រតិភូសភាកម្ពុជា ដែលបានចូលរួមមហាសន្និបាតលើកទី១៣៩ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨។

លោកជំទាវ ឃួន សុដារី បាន​នាំនូវសារអបអរសាទរពីសម្តេច​ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ជូនចំពោះលោកស្រី ប្រធានសហភាពអន្តរសភា ដែលខិតខំប្រឹងប្រែង ក្នុងឋានៈលោកស្រីជាប្រធានសហភាពអន្តរសភា ដែលមានសមជិកដល់ទៅ១៧៨ប្រទេស នៅទូទាំងពិភពលោកឆ្ពោះទៅរកជោគជ័យជានិច្ច។ លោកជំទាវបានគូសបញ្ជាក់ថា នៅក្នុងអំឡុងការបោះឆ្នោតជាសកលកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ មានគណបក្សនយោបាយ ំនួន២០ ដែលបានប្រកួតប្រជែងដើម្បីដណ្ដើមអាសនៈសភា ដែលនេះ​គឺជាការបង្ហាញយ៉ាងច្បាស់លាស់ណាស់ថា គណបក្សទាំង២០នេះ ជាតំណាងស្របច្បាប់ នៃពហុគណបក្សនយោបាយ ដែលចូលរួមក្នុងការបោះឆ្នោត ហើយបានឆ្លុះបញ្ចាំងនូវអ្វីដែលអ្នកសង្កេតការណ៍មួយចំនួនហៅថា ដំណើរការប្រជាធិបតេយ្យដ៏ត្រឹមត្រូវ និងស្ថិរភាពជាទូទៅនៅកម្ពុជា។

លោកជំទាវអនុប្រធានទី២បានបន្ថែមថា សម្រាប់ដំណើរការបោះឆ្នោតកន្លងទៅនេះ មានអ្នក ចូលរួមបោះឆ្នោតជិត៧លាននាក់ បើគិតជាភាគរយ​៨៣.០២ភាគរយ នៃអ្នកចុះបញ្ជីបោះឆ្នោត សរុប បានបោះឆ្នោត និងបានធ្វើការជ្រើសរើស តាមបែបផែននយោបាយដោយសេរីរបស់ខ្លួន។ ដោយឡែកអ្នកសង្កេតការណ៍អន្តរជាតិ ចំនួន៥៣៩មកពីប្រទេសជាង៥០ប្រទេស ក្នុង ចំណោមនោះមកពីស្ថាប័នអន្តរជាតិ រួមមាន គណបក្សនយោបាយអាស៊ាន សភាអាស៊ី អន្តរសភាអាស៊ាន និងក្រុមប្រឹក្សាសហគមន៍អឺរ៉ុប ផ្នែកទំនាក់ទំនងអន្តរជាតិដើម្បីជាសាក្សី តាមដានពិនិត្យមើលលើការអនុវត្ត លទ្ធិប្រជាធិបតេយ្យពោរពេញ ដោយសន្តិវិធីដែលជា ឱកាសប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា។

លោកជំទាវក៏បានពន្យល់បន្ថែមអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលជាការពិតរបស់ កម្ពុជា ដែលមជ្ឈដ្ឋានខាងក្រៅ និងពួកអគតិមួយក្តាប់តូចនាំគ្នាដើរបំភ្លៃ​ការពិត​បោកប្រាស់អន្តរជាតិក្នុងចេតនាយឃ្នង ក្នុងការបំផ្លិចបំផ្លាញជាតិកម្ពុជា

ជាមួយគ្នានេះដែរ លោកជំទាវ ឃួន សុដារី បានអញ្ជើញលោកជំទាវប្រធានសហភាព អន្តរសភា ចូលរួមកិច្ចប្រជុំប្រចាំលើកទី២៧ របស់វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ចាប់ពីថ្ងៃទី១៤-១៧ ខែមករា ឆ្នំា២០១៩ ក្នុងឋានៈជាភ្ញៀវកិត្តិយស និងស្នើលោកជំទាវពិនិត្យអំពីស្ថានភាព​អំពីកម្ពុជាផងដែរ។

ជាការឆ្លើយតបលោកជំទាវ Gabriela Cueva Barron ប្រធានសហភាពអន្តរសភា បានឯកភាពដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំប្រចាំលើកទី២៧ របស់វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក និងបានអបអរសាទរយ៉ាងពេញទំហឹង ក៏ដូចជាវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល ដែលកម្ពុជាសម្រេចបានជាពិសេសលទ្ធផលដ៏ជោគជ័យ នៃការបោះឆ្នោតឆ្នាំ២០១៨ នៅកម្ពុជាដែលបានបង្ហាញអំពីលទ្ធិប្រជាធិបតេយ្យយ៉ាងពិតប្រាកដ៕

ដោយ អ៊ុន រិទ្ធី