ក្រសួងសាធារណការ៖ នៅត្រឹមឆ្នាំ២០២៣ខាងមុខ កម្ពុជានឹងរៀបចំកំណត់ស្ដង់ដារយានយន្ដឱ្យស្របតាមបញ្ញត្ដិអន្ដរជាតិ និងស្ដង់ដារយានយន្ដអាស៊ាន

AKP ភ្នំពេញ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ –ក្រសួងសាធារណការ និងដឹកជញ្ជូនបានលើកឡើងថា នៅត្រឹមឆ្នាំ២០២៣ ខាងមុខ កម្ពុជា នឹងរៀបចំ កំណត់ស្ដង់ដារយានយន្ដឱ្យស្របតាមបញ្ញត្ដិអន្ដរជាតិ និងស្ដង់ដារយានយន្ដ អាស៊ាន ដើម្បីធានាគុណភាពក្នុងការប្រើប្រាស់យានយន្ដប្រកបដោយសុវត្ថិភាព។

ក្នុងកិច្ចប្រជុំអ្នកបច្ចេកទេសអាស៊ីឆ្នាំ២០១៨ ស្ដីពីការបកស្រាយកិច្ចព្រមព្រៀងអន្ដរជាតិលើបទបញ្ញត្ដិយានយន្ដឆ្នាំ១៩៥៨ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួង ធាធារណការ ឯកឧត្តម ពៅ ម៉ាលី រដ្ឋលេខាធិការក្រសួង សាធារណការ និងដឹកជញ្ជូនបាន មានប្រសាសន៍ថា ការរៀបចំបច្ចេកទេស និងស្ដង់ដារយានយន្ដនេះ កម្ពុជាបានសហការ ជាមួយមជ្ឈមណ្ឌលយានយន្ដស្ដង់ដារអន្ដរជាតិនៃប្រទេសជប៉ុនក្នុងការជួយបណ្ដុះបណ្ដាលមន្រ្ដី ជំនាញបច្ចេកទេស ដើម្បីរៀបចំបទបញ្ញត្ដិយានយន្ដ និងកំណត់ឱ្យមានស្ដង់ដារយានយន្ដនៅ ក្នុងប្រទេសកម្ពុជា។ ឯកឧត្តមបានបញ្ជាក់ថា រហូតមកដល់ពេលបច្ចុប្បន្ននេះ ការរៀបចំបច្ចេកទេស និងស្ដង់ដារយានយន្ដនេះ កម្ពុជាបាននិងកំពុងតែកំណត់ស្ដង់ដារ យានយន្ដឱ្យស្របតាមបទបញ្ញត្ដិអន្ដរជាតិ ដែលតម្រូវឱ្យប្រទេសជាសមាជិកហត្ថលេខីដែលបានចូលរួមក្នុងកិច្ចព្រមព្រៀង អន្ដរជាតិស្ដីពីបញ្ញត្ដិបច្ចេកទេសក៏ដូចជាប្រទេសអាស៊ានទាំងអស់ ត្រូវមានការកំណត់ស្ដង់ដារយានយន្ដឱ្យត្រឹមត្រូវ។

ឯកឧត្តម បានបន្ដថា បច្ចុប្បន្ននេះ កម្រិតគ្រប់គ្រងបច្ចេកទេសយានយន្ដនៅកម្ពុជា នៅមិនទាន់ឈានដល់កម្រិតខ្ពស់ បាននៅឡើយទេ បើប្រៀប ធៀបជាមួយបណ្ដាប្រទេសក្នុងតំបន់ដោយសារតែកម្ពុជា មិនមែនជាប្រទេសផលិតយាន យន្ដ។ ឯកឧត្តមបានបន្ដទៀតថា ក្រសួងសាធារណការបានសហការជាមួយក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងវិទ្យាស្ថាន ស្ដង់ដារកម្ពុជា ក្នុងការរៀបចំកំណត់ស្ដង់ដារយានយន្ដប្រភេទណាមួយ ឬប្រទេសណាមួយដែលអាចនាំចូល និងប្រើ ប្រាស់បាននៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តម រដ្ឋលេខាធិការបានបន្ថែមថា បច្ចុប្បន្ននេះកម្ពុជាមានការពិបាកក្នុងការគ្រប់ គ្រងការនាំចូលរថយន្តឱ្យមាន ស្តង់ដារពីព្រោះកម្ពុជាបាននាំចូលរថយន្តមួយទឹកមកពីប្រទេសជាច្រើន សម្រាប់ប្រើប្រាស់នៅក្នុងប្រទេស ដោយមិនបាន កំណត់ថា ប្រទេសណាមួយមាន ស្តង់ដារនោះទេ។ ឯកឧត្តមបានអះអាងថា ចាប់ពីពេលនេះតទៅ រហូតដល់ឆ្នាំ២០២៣ កម្ពុជា នឹងរៀបចំបទបញ្ញត្ដិ និងកំណត់ស្ដង់ដារយានយន្ដថា រថយន្ដប្រភេទណា និងផលិតនៅក្នុង ប្រទេសណា ដែល អាចប្រើ ប្រាស់បាននៅកម្ពុជានោះ។

លោកស្រី ណាអូមី មូរី(Naomi Mori)អនុប្រធាននាយកដ្ឋានបច្ចេកទេសនៃមជ្ឈមណ្ឌល យានយន្ដស្ដង់ដារអន្ដរជាតិ នៃប្រទេសជប៉ុនបានឱ្យដឹងថា ជប៉ុននឹងចូលរួមចំណែកផ្ដល់នូវ បទពិសោធន៍ ចែករំលែកព័ត៌មាន និងចំណេះដឹងជួយដល់ កម្ពុជាលើការរៀបចំបទបញ្ញត្ដិ បច្ចេកទេស សម្រាប់ការត្រួតពិនិត្យកំណត់ស្ដង់ដារយានយន្ដនៅកម្ពុជាឱ្យស្របតាមស្ដង់ដារ អន្ដរជាតិ និងសន្ធិសញ្ញាអង្គការសហប្រជាជាតិ។

សូមបញ្ជាក់ថា កម្ពុជាជាប្រទេសដែលបានចុះហត្ថលេខា និងចូលរួមអនុវត្ដន៍កិច្ច ព្រមព្រៀងរបស់ អង្គការសហប្រជាជាតិ នៅក្នុងឆ្នាំ១៩៥៨ ស្ដីពីបញ្ញត្ដិបច្ចេកទេស និងបង្កើត ប្រព័ន្ធយល់ព្រមលើប្រភេទ យានយន្ដទាំងអស់របស់អន្ដរជាតិ។ តាមសន្ធិសញ្ញា និងកិច្ចព្រម ព្រៀងរបស់អង្គការសហប្រជាជាតិនេះ បានកំណត់ថា ប្រទេសជាសមាជិកទាំងអស់ ត្រូវតែ អនុវត្ដន៍ និងបង្កើតស្ដង់ដារយានយន្ដឱ្យមានការទទួលស្គាល់ជាអន្ដរជាតិត្រឹមឆ្នាំ២០២៣ ខាងមុខ៕

ដោយ អ៊ុន រិទ្ធី