ក្រសួងសង្គមកិច្ច គាំទ្រអង្គការដៃគូរដែលផ្តល់សេវាថែទាំដល់ជនរងគ្រោះដោយសារការជួញដូរមនុស្ស

វិទ្យុជាតិកម្ពុជា៖ អត្ថបទដោយលោកចេមហួត

ភ្នំពេញ មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច អតីតយុទ្ធនិងយុវនីតិសម្បទាបានគាំទ្រអង្គការរតនៈ អ៊ីនធើណេសសិនណល់ដែល ផ្តល់សេវាថែទាំដល់ជនរងគ្រោះដោយសារការជួញដូរមនុស្សដើម្បីមានសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្តហើយមានជំនាញវិជ្ជាជីវៈត្រឹមត្រូវ។

ថ្លែងក្នុងពិធីសម្ភោធមជ្ឈមណ្ឌលរបស់អង្គការរតនៈអ៊ីនធើណេសសិនណល់ ស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញនាព្រឹកថ្ងៃទី១៧ ខែតុលានេះ លោកជំទាវ ខៀវ បុរី រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកសរសើរដល់អង្គការរតនៈអ៊ីនធើណេសសិនណល់ដែលបានជួយដល់ស្រ្តីរងគ្រោះពីការជួញដូរមនុស្សចំនួន៦៩នាក់ឲ្យមានកន្លែងស្នាក់នៅការបណ្តុះបណ្តាលវិជ្ជាជីវៈ គាំទ្រដល់តម្រូវការផ្លូវចិត្ត ការអភិវឌ្ឍការងារ និងផ្តល់សេវាផ្លូវច្បាប់ដល់ជនរងគ្រោះទាំងអស់នោះ។

លោកជំទាវបញ្ជាក់ថា ការដាក់ឲ្យប្រើប្រាស់នូវមជ្ឈមណ្ឌលថែទាំជនរងគ្រោះពីការជួញដូរមនុស្សរបស់អង្គការ នេះ បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការផ្តល់សេវាថែទាំសុខភាព ដល់ជនរងគ្រោះដោយសារតែការជួញដូរមនុស្សបន្ទាប់ពីបានធ្វើមាតុភូមិនិវត្តន៍មកស្រុកកំណើតវិញ។

លោក Brian McConaughy()ស្ថាបនិកនៃអង្គការរតនៈអ៊ីនធើណេសសិនណល់បានបញ្ជាក់ថា អង្គការនេះ បង្កើតឡើងបន្ទាប់ពីបានឃើញស្រ្តី និងកុមារបានរងគ្រោះដោយការរំលោភបំពានផ្លូវភេទនិងការជួញដូរមនុស្ស ដើម្បីរំដោះពួកគេឲ្យមានយុត្តិធម៌និងផ្តល់ក្តីស្រលាញ់មេត្តាបែបគ្រឹៈសាសនា ។

លោកបន្តថា អង្គការ បានធ្វើការងារយ៉ាងច្រើនជាមួយរាជរដ្ឋាភិបាលកម្ពុជាតាំងពីឆ្នាំ១៩៨០ដោយបានជួយកុមារក្រីក្រ និងស្រ្តីរងគ្រោះដោយសាតែការជួញដូរមនុស្ស វិស័យសុខាភិបាល អប់រំ ប្រព័ន្ធធារាសាស្រ្តជាដើម។ អង្គការនេះប្តេជ្ញាបន្តធ្វើការសហការជាមួយរាជរដ្ឋាភិបាលតាមរយៈ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ក្រសួងមហាផ្ទៃ ក្រសួងកិច្ចការនារីដើម្បីគាំទ្រដល់ស្រ្តីរងគ្រោះពីការជួញដូរមនុស្សឲ្យពួកគេទទួលបានសិទ្ធិសេរីភាព និងទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីប្រកបដោយរបរចិញ្ចឹមជីវិត៕