កម្ពុជា ស្នើសុំជប៉ុនឱ្យជួយរៀបចំបទបញ្ញត្ដិបច្ចេកទេសយានយន្ដ ដើម្បីជំរុញឱ្យការប្រើ ប្រាស់យានយន្ដស្របតាមស្ដង់ដារ

AKP ភ្នំពេញ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ –មន្រ្ដីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានស្នើសុំឱ្យភាគីជប៉ុន ជួយរៀបចំបទ បញ្ញត្ដិបច្ចេកទេសយានយន្ដដើម្បីឱ្យកម្ពុជាមានការទទួលស្គាល់ជាលក្ខណៈអន្ដរជាតិ សម្រាប់ ការ ប្រើប្រាស់យានយន្ដប្រកបដោយស្ដង់ដារអន្ដរជាតិ។

ឯកឧត្តម ពៅ ម៉ាលី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានចាត់ទុកថា ការចូលរួមជួយរបស់ក្រុមបច្ចេក ទេស យានយន្ដរបស់ប្រទេសជប៉ុនដល់ក្រុមអ្នកជំនាញកម្ពុជាបានផ្ដល់នូវចំណេះដឹង និងបទពិសោធន៍ក្នុងការរៀបចំ បែបបទបច្ចេកទេសនានា ជាពិសេសការបង្កើននូវសមត្ថភាព និងបណ្ដុះបណ្ដាលធនធានមនុស្សដល់កម្ពុជា។

ក្នុងកិច្ចប្រជុំអ្នកបច្ចេកទេសអាស៊ីឆ្នាំ២០១៨ ស្ដីពីការបកស្រាយកិច្ចព្រមព្រៀងអន្ដរជាតិ លើបញ្ញត្ដិយានយន្ដឆ្នាំ១៩៥៨ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងធាធារណការ ឯកឧត្តម ពៅ ម៉ាលី បានមានប្រសាសន៍ថា ការចែករំលែកនូវចំណេះដឹង និងព័ត៌មានអំពីបច្ចេកទេសយានយន្ដនេះ នឹងជួយដល់អ្នកជំនាញកម្ពុជា ទទួលបាននូវ ចំណេះដឹង ជំនាញបច្ចេកទេស និងបទពិសោធន៍ សម្រាប់រៀបចំគោលការណ៍ និងបទដ្ឋានបច្ចេក ទេសឱ្យស្របទៅតាម ស្ដង់ដារអន្ដរជាតិ។ ឯកឧត្តមបានបន្ដថា ការចូលរួមសហការ និងការផ្ដល់បច្ចេកទេសពីមជ្ឈមណ្ឌលយានយន្ដស្ដង់ដារ អន្ដរជាតិនៃប្រទេសជប៉ុនដល់ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជានេះ គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការរួមចំណែកផ្ដល់ ជាគំនិត និងយោបល់សម្រាប់ការរៀបចំ និងទទួលយកនូវបទដ្ឋានបច្ចេកទេសយានយន្ដ ដែលអន្ដរជាតិទទួលស្គាល់៕

ដោយ អ៊ុន រិទ្ធី