នាវាទេសចរណ៍ប្រភេទយក្ស NORWEGIAN នាំភ្ញៀវទេសចរជាង ៣.០០០នាក់ ចូលចតកំពង់ផែសមុទ្រក្រុងព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ –មន្ត្រីនគរបាលប៉ុស្តិ៍ច្រកទ្វារកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ បានឱ្យដឹងថា នៅព្រឹក ថ្ងៃពុធ ៨កើត  ខែអស្សុជ ឆ្នាំច សំរឹទ្ធ ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ នាវាទេសចណ៍បរទេសមួយគ្រឿងឈ្មោះ NORWEGIAN JEWEL បាននាំ ភ្ញៀវទេសចរ ចម្រុះជាតិសាសន៍ជាង៣.០០០នាក់ ចូលចតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុប្រកបដោយ សុវត្ថិភាព ដើម្បីធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេលមួយថ្ងៃ មុននឹងចាកចេញ ទៅកាន់ប្រទេសថៃ។

នាវា NORWEGIAN JEWEL មានសញ្ជាតិ Bahamas   មានបណ្តោយប្រវែង ២៩៤.១៣ម៉ែត្រ ទទឹង៣២.២០ម៉ែត្រ បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ជាង ៣.០០០នាក់ ចូលតាមច្រកកំពង់ផែសមុទ្រក្រុងព្រះសីហនុ ក្នុងនោះភ្ញៀវទេសចរបរទេស សរុបចំនួន ២.៣១៣នាក់ ស្រី ១.២៨៤នាក់ មាន ៤៦សញ្ជាតិ និងមាននាវិកសរុបចំនួន ១.០៦៤នាក់ ស្រី ២៥៨នាក់ មាន ៥៨សញ្ជាតិ។

នាវា NORWEGIAN JEWEL  បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ចេញពីប្រទេវៀតណាម ចូលចតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នៅវេលាម៉ោង៦ព្រឹក នាថ្ងៃទី១៧  ខែតុលា ឆ្នាំ២០១៨ នាវាមានគម្រោងនាំភ្ញៀវទេសចរចាកចេញពីកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ នៅវេលាម៉ោង១៧  ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ ឆ្ពោះទៅកាន់ប្រទេសថៃ។

ភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវាទេសចរណ៍ NORWEGIAN JEWEL  មានច្រើន សញ្ជាតិ ក្នុងចំណោមភ្ញៀវដែលមានសញ្ជាតិច្រើនជាងគេមានដូចជា សហរដ្ឋអាមេរិក ១.១៥១នាក់ កាណាដា ២៦៩នាក់  អង់គ្លេស ១៨៩នាក់ និងមានភ្ញៀវទេសចរមានសញ្ជាតិ ផ្សេងៗទៀត។

ការធ្វើដំណើរបស់ភ្ញៀវទេសចរតាមនាវា មានការកើនឡើងនូវរដូវប្រាំង ក្នុងអំឡុង ចាប់ពីខែវិច្ឆិកា រហូតដល់ខែមេសា  ព្រោះមានភាពងាយស្រួល ដោយមិនមានជួបនូវព្យុះ ភ្លៀង ដោយសាររដូវវស្សាការចូលចតរបស់នាវាទេសចរណ៍បរទេសមានការថយចុះដោយ សារតែមានព្យុះ ភ្លៀង៕

ដោយ ងូ សុមុនី