បញ្ចុះបឋមសិលាសាងសង់អគារសិក្សា១ខ្នង​ជូនសាលាបឋមសិក្សាស្រីវិបុលកេរ្តិ៍

AKP សៀមរាប ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ –អាគារសិក្សា១ខ្នងដែលគេគ្រោងនឹងសាងសង់ឡើងអំពីបេតុងប្រក់ក្បឿងមាន៥បន្ទប់ សម្រាប់ជាចំណងដៃជូនដល់សាលាបឋមសិក្សាស្រីវិបុលកេរ្តិ៍ ដែលស្ថិតនៅក្នុងភូមិត្រាច ឃុំបល័្លង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាបនោះ ត្រូវបានគេធ្វើពិធីក្រុងពិលីបញ្ចុះបឋមសិលា សុំម្ចាស់ទឹកម្ចាស់ដីព្រៃព្រឹក្សានៃប្រាសាទចៅស្រីវិបុលដើម្បីកសាងហើយ ពិធីនេះបាន ប្រារព្ធឡើងកាលពីព្រឹកថ្ងៃពុធ ៨កើត ខែអស្សុជ ឆ្នាំច ​សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ឃឹម ប៊ុន សុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងលោកជំទាវ ព្រមទាំងអស់លោក លោកស្រីជាថ្នាក់ដឹកនាំ មន្ទីរ អង្គភាពនានាជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន។

អាគារសិក្សានេះគ្រោងនឹងចំណាយទឹកប្រាក់អស់៦ម៉ឺនដុល្លាអាម៉េរិក ដែលជាជំនួយ សប្បុរសធម៌ របស់សមាគម វី​ ឆារីឋេបល ហ្វោនដេសិន​ តាមរយៈឯកឧត្តមបណ្ឌិតអភិបាល ខេត្តសៀមរាប ដែលបានខិតខំស្វែងរកជំនួយសប្បុរសធម៌ ជួយដល់តំបន់ជនបទដាច់ ស្រយាល ហើយស្ថិតក្នុងតំបន់ក្រីក្រ។

ឯកឧត្តមបណ្ឌិត ឃឹម ប៊ុន សុង មានប្រសាសន៍ថា សាលារៀនគឺជាឃ្លាំងនៃ ចំណេះ ដឹងទូទៅសម្រាប់ការបណ្តុះបណ្តាលសិស្សានុសិស្សពីជំនាន់មួយទៅជំនាន់មួយទៀត ឱ្យ ក្លាយជាធនធានមនុស្សដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍប្រទេសជាតិ ដែលមានលោកគ្រូអ្នក គ្រូជាស្ថាបនិកនៃការផលិតធនធានមនុស្ស។  បើគ្មានការអបរំទេនោះ គឺមិនអាចធ្វើឱ្យសង្គម មួយរីកចម្រើនបានឡើយ។ ដូច្នេះការសិក្សាអប់រំគឺជាកូនសោសម្រាប់ បើកទ្វារអនាគត។

 

ឯកឧត្តម ឃឹម ប៊ុន សុង បានមានប្រសាសន៍ឱ្យដឹងទៀតថា រាជរដ្ឋាភិបាលបច្ចុប្បន្ន ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង លើវិស័យអប់រំនេះ ដែលមានគ្រូបង្រៀនជាស្នូល។  ក្នុងនោះឯកឧត្តមបណ្ឌិត ក៏បានធ្វើការថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត ដែលបានបោះឆ្នោតគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបន្តក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ និងអរគុណចំពោះទឹកចិត្ត ដ៏សប្បុរសធម៌ របស់សមាគម វី-ឆារីឋេបល ហ្វោនដេសិន ដែលបានជួយដល់កូនចៅប្រជាពលរដ្ឋក្នុងភូមិត្រាចនេះឱ្យមានចំណេះដឹងផងដែរ ។

យោងតាមការឱ្យដឹងរបស់លោកអភិបាលស្តីទីនៃស្រុកប្រាសាទបាគងថា សាលា បឋមសិក្សាស្រីវិបុលកេរ្តិ៍នេះ បច្ចុប្បន្នមានអគារសិក្សា១ខ្នង ចែកចេញជា៣បន្ទប់រៀន មានគ្រូ ៩នាក់ ស្រី៧នាក់ មានសិស្សចូលសិក្សា ២៩៣នាក់ ស្រី១៤៩នាក់ ដោយចែកចេញជា៨ថ្នាក់ និងសិក្សា២វេនក្នុងមួយថ្ងៃ៕

ដោយ ហង្ស សៀក