ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅដល់ទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិកប្រកបដោយសុវត្ថិភាព

AKP ភ្នំពេញ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ –សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល បានអញ្ជើញទៅដល់ទីក្រុងព្រុចសែល ប្រទេសបែ​​ហ្ស៊ិក ប្រកបដោយសុវត្ថិភាពហើយ នាវេលាម៉ោង៧ និង៤០នាទី ម៉ោងនៅទីក្រុងព្រុច​សែល ប្រទេសបែហ្ស៊ិក ត្រូវនឹងម៉ោង១២ និង៤០នាទី ម៉ោងនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជានាថ្ងៃទី១៧ ខែតុលា ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប លើកទី១២ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៨ ដល់ថ្ងៃទី១៩ខែតុលា ឆ្នាំ២០១៨។

ប្រភពពីអ្នកយកព័ត៌មានទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា នៅអាកាសយាដ្ឋានអន្តជាតិ​ ​អ៊ិចសេគុយជេត (Execujet) ទីក្រុងព្រុចសែល វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីឯកឧត្តម លោកជំទាវ ឥស្សរជនជាន់ ខ្ពស់រដ្ឋាភិបាលបែហ្ស៊ិក និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសបែហ្ស៊ិកជាច្រើនរូប។ ដោឡែក នៅសណ្ឋាគាររ៉ាឌីសិន ដែលជាទីកន្លែងស្នាក់អាស្រ័យរបស់សម្តេចតេជោនាយករដ្ឋន្រ្តី ប្រជាពលរដ្ឋខ្មែររស់នៅទីក្រុងព្រុចសែល បានអញ្ជើញទទួលនូវការធ្វើគារវកិច្ច​ស្វាគមន៍​​យ៉ាងកក់ក្តៅបំផុត ចំពោះវត្តមានរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងក្តីស្រឡាញ់នឹករលឹ​​យ៉ាងជ្រាលជ្រៅបំផុត ពិសេសក្នុងក្តីគោរព និងដឹងគុណបំផុតចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី។ប្រជាពលរដ្ឋបានបង្ហាញនូវភាពស្និទ្ធស្នាលបំផុត តាមរយៈការបញ្ចេញកាយវិកានិងពាក្យ​​​ពេចន៍ដែលផុសចេញ ពីទឹកចិត្តរបស់ប្រជាពលរដ្ឋផ្ទាល់ ចំពោះសម្តេចប្រមុខរាជរដ្ឋា​ភិបា​ល​

តាមកម្មវិធីដែលបានគ្រោងទុក ក្រៅពីការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប លើកទី១២ សម្តេចតេជោនាយករដ្ឋមន្រ្តីមានគម្រោងជួបពិភាក្សាទ្វេភាគី ជាមួយតំណាងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន សហភាពអឺរ៉ុប ជួបអនុប្រធានគណៈកម្មការអឺរ៉ុប ទទួល បន្ទុកការបរទេនិងគោលយោបាយសន្តិសុខ ជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីចិន រុស្ស៊ី ហុងគ្រី ន័រវែស ឆែក អេស្តូនី ប្រធានាធិបតីបារាំង រួមទាំងជួបសំណេះសំណាលជាមួយ សហគមន៍ខ្មែររស់នៅសហភាពអឺរ៉ុបផងដែរ

ដោយ ជឹម ណារី