មន្ទីរពេទ្យព្រះអង្គឌួងចាប់ផ្តើមបើកសេវាវះកាត់អ្នកជំងឺគថ្លង់តាមបច្ចេកវិទ្យាទំនើបជាលើកដំបូង

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហោ​ សេងគ្រី​៖

មន្ទីរពេទ្យព្រះអង្គឌួងបានចាប់ផ្តើមបើកសេវាវះកាត់អ្នកជំងឺគថ្លង់តាមបច្ចេកវិទ្យាទំនើបនិងមានប្រសិទ្ធភាពខ្ពស់ជាលើកដំបូងនៅកម្ពុជាដែលនឹងជួយឲ្យពួកគេអាចស្តាប់ឮនិងនិយាយបានដូចមនុស្សទូទៅ។

នៅក្នុងពិធីបើកសេវាវះកាត់ជំងឺគ ថ្លង់ជាផ្លូវការ លោកសាស្ត្រាចារ្យ លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួងបានឲ្យដឹងថាសេវាវះកាត់ជំងឺគ ថ្លង់នេះបានចាប់ផ្តើមពីថ្ងៃទី១៧ខែតុលាឆ្នាំ២០១៨នេះតទៅនៅមន្ទីរពេទ្យព្រះអង្គឌួងតែមួយគត់ ដើម្បីវះកាត់និងព្យាបាលអ្នកជំងឺគ ថ្លង់នៅប្រទេសកម្ពុជាឲ្យទទួលបាននូវជីវិតថ្មីនិងមានសិទ្ធិរស់នៅបានពេញលេញនៅក្នុងសង្គម។ លោកសាស្ត្រាចារ្យបានបន្តថាការវះកាត់ជំងឺគ ថ្លង់នេះគឺធ្វើឡើងតាមរយៈម៉ាស៊ីនដែលមានបច្ចេកវិទ្យាថ្មីទំនើបដែលអាចឲ្យអ្នកជំងឺមានលទ្ធភាពស្តាប់ឮនិយាយបាននិងអាចប្រាស្រ័យទាក់ទងជាមួយមនុស្សទូទៅបានដូចមនុស្សធម្មតាពិសេសកុមារអាចចូលរៀនបានផងដែរ។ លោកសាស្ត្រាចារ្យបានបញ្ជាក់ថាចំពោះសេវាវះកាត់អ្នកជំងឺគថ្លង់នេះគឺអ្នកជំងឺត្រូវបង់ប្រាក់ប៉ុន្តែលោកសាស្ត្រាចារ្យមិនបានបញ្ជាក់ថានឹងត្រូវបង់ប៉ុន្មាននោះទេ។ ប៉ុន្តែនៅក្នុងពិធីបើកសេវាវះកាត់ជំងឺគថ្លង់ជាលើកដំបូងនៅកម្ពុជាតាមបច្ចេកវិទ្យាទំនើបនេះមន្ទីរពេទ្យព្រះអង្គឌួងបានផ្តល់ការវះកាត់ដល់អ្នកជំងឺគថ្លង់ចំនួន៤នាក់ដោយមិនគិតថ្លៃ។

យ៉ាងណាក៏ដោយលោកសាស្ត្រាចារ្យលូលីឃាងបានបន្ថែមថានៅពេលធ្វើការវះកាត់រួចហើយមន្ទីរពេទ្យនឹងបញ្ជួនអ្នកជំងឺគថ្លង់ទៅកាន់សាលាគថ្លង់ដើម្បីឲ្យគ្រូជួយបង្ហាត់បង្រៀនអ្នកជំងឺពីរបៀបក្រលាស់អណ្តាតឲ្យចេះនិយាយ។ លោកសាស្ត្រាចារ្យបានឲ្យដឹងទៀតថាកុមារដែលមានជំងឺគថ្លង់អាចបង្រៀនឆាប់ចេះនិយាយជាងមនុស្សចាស់ដោយសារតែកុមារងាយស្រួលហាត់ពុតសំលេងផ្ទុយពីមនុស្សចាស់ដែលមានជំងឺគថ្លង់ត្រូវការពេលវេលាយូរក្នុងការហាត់ពុតអណ្តាត។

លោកសាស្ត្រាចារ្យបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានសាច់ញាតិមានជំងឺគ ថ្លង់ត្រូវមកកាន់មន្ទីរពេទ្យព្រះអង្គឌួងដើម្បីធ្វើការវះកាត់ដើម្បីជួយឲ្យពួកគេមានក្តីសង្ឃឹមឡើងវិញនិងអាចចូលរួមនៅក្នុងការងារសង្គមបានពេញលេញដូចមនុស្សទូទៅដែរ។ លោកសាស្ត្រាចារ្យសង្ឃឹមថាការបើកសេវាវះកាត់ជំងឺគ ថ្លង់នេះនឹងជួយសង្គ្រោះដល់ប្រជាពលរដ្ឋកម្ពុជាដែលមានជំងឺគ ថ្លង់ឲ្យចេញពីពិការភាពនិងអាចជួយឲ្យពួកគេមានជីវិតថ្មីរស់នៅក្នុងសង្គមបានពេញលេញដូចមនុស្សទូទៅផងដែរ។ គួរបញ្ជាក់ថាបច្ចុប្បន្ននេះនៅប្រទេសកម្ពុជាមានជនពិការទំាងអស់សរុបជាង៥២ម៉ឺននាក់ក្នុងនោះជនពិការគ ថ្លង់មានចំនួនជាង៤០ភាគរយ៕