កិច្ចប្រជុំត្រៀមរៀបចំលំហាត់សមយុទ្ធគ្រប់គ្រងគ្រោះអាសន្នប្រចាំ២០១៨ នៅខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ –នៅព្រឹកថ្ងៃពុធ ៨កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ នៅអាកាសយានដ្ឋានអន្តរជាតិកងកេង ស្ថិតនៅក្នុងសង្កាត់រាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំត្រៀមរៀបចំធ្វើលំហាត់សមយុទ្ធគ្រប់គ្រង គ្រោះអាសន្នប្រចាំឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខ ដោយមានការអញ្ជើញចូលរួមពីមន្រ្តីនគរបាលខេត្តព្រះសីហនុ មន្រ្តីមន្ទីរសុខាភិបាល កងពល ង៧០ និងអ្នកសារព័ត៌មានផងដែរ

លោក តុល បូរិន អនុប្រធានស្តង់ដា នៃអាកាសយានដ្ឋានអន្តរជាតិកងកេង ខេត្តព្រះសីហនុបានឱ្យដឹងថា លំហាត់សមយុទ្ធគ្រប់គ្រងគ្រោះអាសន្នឆ្នាំ២០១៨ មានគោល បំណង ដើម្បីផ្ដល់នូវការសម្របសម្រួល និងឆ្លើយតបបានទាន់ពេលវេលា ទៅនឹងគ្រោះអាសន្នដែលកើតឡើងនៅក្នុង ឬក្បែរអាកាសយានដ្ឋាន។ ផែនការគ្រប់គ្រងគ្រោះអាសន្នបានកំណត់យ៉ាងច្បាស់នូវតួនាទីរបស់ស្ថាប័ន អង្គភាពដែលមានការពាក់ព័ន្ធ នានាទាំងក្នុង និងក្រៅអាកាសយានដ្ឋានបន្ថែមពីនេះទៀត ផែនការនេះបានធ្វើការ ទំនាក់ទំនង យល់ដឹង និងការរៀបចំជាស្រេចក្នុងគោលបំណង ដើម្បីឆ្លើយតបយ៉ាងមាន ប្រសិទ្ធភាពក្នុងគ្រោះអាសន្នដែលកើត មាននៅក្នុង ឬក្បែរអាកាសយានដ្ឋាន។ វិសាភាព ក្នុងការដឹកនាំបញ្ជា ការទំនាក់ទំនង និងការសម្របសម្រួលជាមួយស្ថាប័នភ្នាក់ ងារនានា ក្នុងអំឡុងពេលមានគ្រោះអាសន្នកើតឡើងនៅក្នុងឬនៅក្បែរកសិដ្ឋាន។

លោកបានបន្តថា ផែនការគ្រប់គ្រងគ្រោះអាសន្នសម្រាប់អាកាសយានដ្ឋាន ស្របគ្នាទៅនឹងប្រតិបត្តិការអាកាសយានដ្ឋាន និងសកម្មភាពទាំងឡាយក្នុងអាកាសយានដ្ឋាន ក្នុងការគ្រប់គ្រងគ្រោះអាសន្ន ត្រូវផ្ដល់នូវសកម្មភាពសម្របសម្រួលក្នុងនោះមាន គ្រោះអាសន្នដែលកើតឡើងក្នុងអាកាសយាន្តដ្ឋាន ដោយការទទួលខុសត្រូវ ក្នុងការចូលរួមធ្វើអន្តរាគមន៍របស់អាជ្ញាធរដែនដីនិងភ្នាក់ងារ ឬស្ថាប័នផ្សេងៗ ដើម្បីឆ្លើយតបទៅនឹងគ្រោះអាសន្ន។  ផែនការនេះបានកំណត់ពេលវេលាសម្រាប់ធ្វើការសាកល្បងនូវចំណុចខ្វះខាត ដើម្បីពិនិត្យឡើងវិញនូវលទ្ធផលក្នុង គោលបំណងបង្កើនការអភិវឌ្ឍន៍ផែនការនេះឱ្យមានប្រសិទ្ធភាព។ សមយុទ្ធទ្រង់ទ្រាយធំ ប្រចាំអាកាសយានដ្ឋានត្រូវធ្វើមិនឱ្យលើសពី២ឆ្នាំម្ដង តាមលំដាប់លំដោយ នៃការធ្វើតេស្តតាមផ្នែកវិទ្យាសាស្ត្រ ផ្ដើមនៅឆ្នាំដំបូង នឹងបញ្ចប់នៅក្នុងលំហាត់សម យុទ្ធទ្រង់ទ្រាយធំរបស់អាកាសយានដ្ឋាននៅចន្លោះពេលមិនលើសពី ៣ឆ្នាំម្ដង នឹងធ្វើការពិនិត្យឡើងវិញនូវចំណុចខ្វះខាត ឬបន្ទាប់ពីមានភាពអាសន្នពិតប្រាកដណាមួយ ដើម្បីធ្វើការកែតម្រូវនូវអ្វីដែលបានរកឃើញក្នុងអំឡុងពេលប្រតិបត្តិការឆ្លើយតបនោះ ។

លោកបានបន្តថា ផែនការគ្រប់គ្រងគ្រោះអាសន្នអាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ គឺរៀបចំដោយអាកាសយានដ្ឋាន និងក្រុមហ៊ុនសម្បទានអាកាសយានដ្ឋាន ដើម្បីសម្របសម្រួលជាមួយភ្នាក់ងារ ស្ថាប័ននានាក្នុងការកាត់បន្ថយផលប៉ះពាល់ជួយ សង្គ្រោះដល់អាយុជីវិតមនុស្ស ទ្រព្យសម្បត្តិ ក្នុងគ្រាដែលមានគ្រោះអាសន្នកើតឡើងនៅក្នុង ឬជុំវិញអាកាសយានដ្ឋានដោយកំណត់នូវនីតិវិធីឆ្លើយតបគ្រោះអាសន្នដែលកើតឡើងដោយយថាហេតុនៅក្នុង ឬជុំវិញអាកាសយានដ្ឋានរបស់ស្ថាប័ន ភ្នាក់ងារនានា ក្រុមហ៊ុនអាកាសចរណ៍ និងភ្នាក់ងារទាំងអស់ដែលនៅជុំវិញអាកាសយានដ្ឋាន ផែនការនេះជួយជំរុញឱ្យស្ថាប័នរាជរដ្ឋាភិបាល ដែលមានការពាក់ព័ន្ធអនុវត្តនូវនីតិ វិធីប្រតិបត្តិការគ្រោះអាសន្នរបស់ខ្លួន ដើម្បីធ្វើការទទួលខុសត្រូវ និងឧបត្ថម្ភគាំទ្របាន ទាន់ពេលវេលា៕

ដោយ ងូ សុមុនី