សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា ស្នើឱ្យសហភាពអឺរ៉ុប ពិចារណាឱ្យស៊ីជម្រៅចំពោះការដកហូតភាពអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្ម ពីកម្ពុជា

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហោ​ សេងគ្រី​៖

មន្ត្រីរាជរដ្ឋាភិបាលកម្ពុជា បានគាំទ្រចំពោះគោលគំនិត របស់ប្រធានសភាពាណិជ្ជកម្ម អន្តរជាតិ សំខាន់ៗ នៅទ្វីបអឺរ៉ុបចំនួន៥ ប្រចាំកម្ពុជា ដែលបានស្នើសុំទៅសហភាពអឺរ៉ុប ឱ្យពិចារណានិងវាយតម្លៃឱ្យបានស៊ីជម្រៅ មុននឹងដកហូតភាពអនុគ្រោះពន្ធ ផ្នែកពាណិជ្ជកម្ម ពីកម្ពុជានោះ។

ឯកឧត្តមផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍នៅព្រឹកថ្ងៃ ទី១៧ខែ តុលានេះថា៖ការដែលប្រធានសភាពាណិជ្ជកម្មអន្តរជាតិ ចំនួន៥នៅទ្វីបអ៉ឺរ៉ុប ប្រចាំកម្ពុជា ស្នើសុំទៅ សហភាពអឺរ៉ុប ឱ្យពិចារណានិងវាយតម្លៃឱ្យបានស៊ីជ្រៅ មុននឹងដកហូតភាពអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្មពីកម្ពុជានោះ គឺជាសេរីភាពនៃការបញ្ចេញយោបល់ដ៏ត្រឹមត្រូវមួយ សម្រាប់តទល់ទៅនឹងមនុស្សមួយក្រុមទៀត ដែលមានភាពអវិជ្ជមានជាមួយនិងកម្ពុជា ហើយយកការដកហូតភាពអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្មនេះ មកគំរាម ក្នុងទិសដៅសំរេចនយោបាយ របស់ពួកគេ។

ឯកឧត្តមបន្តថា៖ស្ថាប័នសភាពាណិជ្ជកម្មអន្តរជាតិសំខាន់ៗចំនួន៥ របស់សហភាពអឺរ៉ុប ដែលស្នើសុំ រដ្ឋាភិបាលនៃសហភាពអឺរ៉ុប ឱ្យវាយតម្លៃស៊ីជម្រៅ មុននឹងដកហូតភាពអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្មពីកម្ពុជានេះ គឺជាទឹកចិត្តមនុស្សធម៌ដ៏ល្អមួយ ក្នុងទិសដៅជួយលើកតំកើងដល់ជីវភាពកម្មករខ្មែរ និងជួយឧបត្ថម្ភសេដ្ឋកិច្ចដល់ប្រជាជាតិ ដែលកំពុងមានការអភិវឌ្ឍតិចតួច។

កាលពីថ្ងៃទី១៥ខែតុលា ប្រធានសភាពាណិជ្ជកម្មអន្តរជាតិសំខាន់ៗចំនួន៥ស្ថាប័ននៅទ្វីបអឺរ៉ុប ប្រចាំកម្ពុជា ក្នុងនោះមានប្រធានសភាពាណិជ្ជកម្មអឺរ៉ុប ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង (CCIFC), ប្រធានក្រុមធុរកម្មអាល្លឺម៉ង (ADW), ), ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបខាងជើង (NordCham), និងប្រធានសមាគមធុរកិច្ចអ៉ីតាលី ដែលជាតំណាងឱ្យប្រទេសធំៗចំនួន៩នៅទ្វីបអឺរ៉ុប បានរួមគ្នាធ្វើលិខិតស្នើសុំមួយដាក់ជូនទៅ លោកស្រី Cecilia Malmstrom ស្នងការទទួលបន្ទុកពាណិជ្ជកម្ម គណៈកម្មការអឺរ៉ុប ដោយសំដែងនូវក្តីកង្វល់ធ្ងន់ធ្ងរ ជុំវិញការដកហូតភាពអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្ម នៅក្រោមរបបអ្វីៗទាំងអស់ លើកលែងតែគ្រឿងសព្វាវុធ ចេញពីកម្ពុជានេះ។

ស្ថាប័នសភាពាណិជ្ជកម្មអឺរ៉ុបដែលតំណាងឲ្យក្រុមហ៊ុនចំនួន៣៣៥ មាននិយោជិតជាង៥ម៉ឺននាក់ បានបញ្ចេញយោបល់ថា៖ការដកហូតភាពអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្ម នេះ បើមិនបានពិចារណានិងវាយតម្លៃឱ្យបានស៊ីជម្រៅជាមុនទេនោះ គឺបង្កើតឱ្យមានការបារម្ភទៅលើផលលំបាកជាច្រើន ទាក់ទងនិងប្រយោជន៍ពាណិជ្ជកម្ម ដ៏យូរអង្វែងរបស់សហភាពអឺរ៉ុប នៅកម្ពុជា។ ស្ថាប័នសភាពាណិជ្ជកម្មចំនួន៥ របស់សហភាពអ៉ឺរ៉ុប ស្នើឱ្យគណកម្មការអឺរ៉ុប ការពារគោលការណ៍និងគុណតម្លៃរបស់សហភាពអឺរ៉ុបនៅក្នុងកម្ពុជា ដោយគួរតែរកផ្លូវធ្វើចំណាត់ការផ្សេងជំនួសវិញ ព្រោះបើសិនជារដ្ឋាភិបាលនៃសហភាពអឺរ៉ុប ដកហូតភាពអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្ម ពីកម្ពុជា គឺស្មើនឹងបំផ្លាញចោលអស់ទៅវិញនូវការតស៊ូមតិ ដ៏មានប្រសិទ្ធិភាពដែលបានធ្វើអស់រយៈពេលជាច្រើនឆ្នាំ ដែលធ្វើឱ្យបិរស្ថានធុរៈកិច្ច ធ្លាប់តែទទួលបានភាពល្អប្រសើរច្រើនមកហើយនោះ៕