ក្រសួងអប់រំបង្កើនយន្តការពង្រឹងសមត្ថភាពសិស្សានុសិស្សកម្រិតបឋមសិក្សា

វិទ្យុជាតិកម្ពុជា​៖ ដោយ​ ទុយ សូលីដា ៖

ក្រសួងអប់រំ យុវជននិងកីឡា បង្កើនយន្តការពង្រឹងសមត្ថភាពដល់សិស្សានុសិស្សកម្រិតបឋមសិក្សាតាមរយៈការប្រឡងធ្វើតេស្តសមត្ថភាពលើមុខវិទ្យាគណិតវិទ្យា និងភាសារខ្មែរ ដើម្បីធ្វើឲ្យសិស្សមានមូលដ្ឋានចំណេះដឹង លើមុខវិទ្យាទំាង២នេះអោយកាន់តែរឹងមាំ​ ។ក្មុងកម្មវិធី «លើកកម្ពស់ការសិក្សារបស់សិស្សឲ្យឆ្លើយតបទៅនិងកំណែទម្រង់របស់ក្រសួងអប់រំ យុវជននិងកីឡា»នៅវិទ្យាល័យបាក់ទូកលោក ម៉ែន វ៉ាន់ណារី អនុប្រធានការិយាល័យផែនការ និងស្រាវជ្រាវករុកោសល្យ នៃនាយកដ្ឋានបណ្ដុះបណ្ដាល នៃក្រសួងអប់រំ យុវជននិងកីឡា បានមានប្រសាសន៍ថា ក្រសួងអប់រំនឹងរៀបចំបង្កើតគណៈកម្មការគ្រប់គ្រងនៅតាមសាលារៀនក្នុងដំណើរការធ្វើតេស្តសមត្ថភាពសិស្ស សិស្សថ្នាក់ទី៦មុនឈានចូលថ្នាក់ទី៧ ដើម្បីឲ្យដឹងពីសមត្ថភាពពិតរបស់សិស្សងាយស្រួលធ្វើការបំប៉នបន្ថែមទៀតនៅចំណុចដែលសិស្សខ្វះខាត ។ លោកបន្តថា ការធ្វើតេសសមត្ថភាពសិស្សនេះគឺជាគម្រោងសាកល្បងរបស់ក្រសួងអប់រំអនុវត្តនៅសាលាបឋមសិក្សាមួយចំនួនប៉ុណ្ណោះផ្តោត លើមុខភាសារខ្មែរនិងគណិតវិទ្យា តែមិនកំណត់ជាប់ឬក៍ធ្លាក់នោះទេ គឺសាលាចង់ដឹងពីសមត្ថភាពពិតសិស្ស។

អ្នកមីង ពុទ្ធ គង់ស្សាវរីយ ជាអណាព្យាបាលសិស្សម្នាក់ ដែលមានកូនរៀននៅបឋមសិក្សាបាក់ទូកបានចាត់ទុកថា ការធ្វើតេសនេះនឹងអោយកូនរបស់គាត់កាន់តែមានសមត្ថភាពរឹងមាំ រៀនពូកែ មានសមត្ថភាពពិតប្រាកដមិនភ័យខ្លាចត្រួតថ្នាក់ឡើយ។

សូមបញ្ជាក់ថា គម្រោងថ្មីក្នុងដំណើរការធ្វើតេសដល់សិស្សនេះ ជាជំហានដំបូងដែលអនុវត្តនៅសាលាចំនួន១០០សាលាទូទាំងរាធានីខេត្តហើយមាន រយៈពេល ៥ឆ្នាំ ដោយប្រើប្រាស់កញ្ចប់ថវិកាជាង ៤០លានដុល្លាជាកម្ចីរបស់ធនាគារ World Bank ៕