សម្តេចតេជោអញ្ជើញទៅដល់ទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្សិក  

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ារ៉េត៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង​គណះប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទៅដល់ទីក្រុងប្រ៊ុសែល ប្រទេសប៊ែល​ហ្សិក ប្រកបដោយសុវត្តិភាពហើយកាលពីវេលាម៉ោង ៧និង៤០នាទី ម៉ោងនៅទីក្រុងប្រ៊ុសែល ប្រទេសប៊ែលហ្សិក ត្រូវនឹងម៉ោង១២និង៤០នាទី ម៉ោងនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា ព្រឹកថ្ងៃទី១៧តុលា ដើម្បីអញញជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប លើកទី១២ ដែលនិងចាប់ផ្តើមនៅថ្ងៃទី១៨-១៩តុលា។

នេះបើតាមការឲ្យដឹងរបស់អ្នកយកព័ត៌មាន ពិសេសរបស់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា។​ ប្រភពដដែលបានឲ្យដឹងទៀតថា នៅអាកាសយានដ្ឋានអន្តរជាតិអ៊ិចសេគុយជេត (Execujet) ទីក្រុងប្រ៊ុចសែល វត្តមាននៃ​ការអញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណះប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល​កម្ពុជា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីឯកឧត្តម លោកជំទាវ ឥស្សរជនជាន់ ខ្ពស់រដ្ឋាភិបាលប៊ែលហ្សិក និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេស​ប៊ែលហ្សិកជាច្រើនរូប។ តាមកម្មវិធីដែលបានគ្រោងទុក ក្រៅពីការអញ្ជើញចូលរួមកិច្ចប្រជុំ​កំពូលអាស៊ី អឺរ៉ុប លើកទី១២ សម្តេចតេជោនាយករដ្ឋមន្រ្តីមានគម្រោងជួបពិភាក្សាទ្វេភាគី ជា មួយតំណាងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន សហភាពអឺរ៉ុប ជួបអនុប្រធានគណះកម្មការអឺរ៉ុប ទទួល បន្ទុកការបរទេស និងគោលនយោបាយសន្តិសុខ ជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីចិន រុស្សី ហុងគ្រី ន័រវែស ឆែក អេស្តូនី ប្រធានាធិបតីបារាំង រួមទាំងជួបសំណេះសំណាលជាមួយ សហគមន៍ខ្មែររស់នៅសហភាពអឺរ៉ុប។ សូមបញ្ជាក់ដែរថា នៅសណ្ឋាគាររ៉ាឌីសិន ដែលជា​ទីកន្លែងស្នាក់អាស្រ័យរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ប្រជាពលរដ្ឋខ្មែររស់នៅទីក្រុងប្រ៊ុយ សែល បានអញ្ជើញទទួលនូវការធ្វើគារវកិច្ចវស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះវត្តមានរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងក្តីស្រឡាញ់នឹករលឹកយ៉ាងជ្រាលជ្រៅបំផុត ពិសេសក្នុងក្តីគោរព ស្រឡាញ់និងដឹងគុណបំផុតចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី។ ប្រជាពលរដ្ឋបានបង្ហាញនូវ​ភាពស្និទ្ធស្នាលបំផុត តាមរយះការបញ្ចេញកាយវិកានិងពាក្យពេជន៍ដែលផុសចេញ ពីទឹកចិត្ត​របស់ប្រជាពលរដ្ឋផ្ទាល់ ចំពោះសម្តេច។