សល់ពេលតែមួយថ្ងៃប៉ុណ្ណោះការចុះឈ្មោះការបោះឆ្នោតនឹងត្រូវបិទបញ្ចប់

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ អ៊ី កនិកា៖​

សល់ពេលតែមួយថ្ងៃប៉ុណ្ណោះការចុះឈ្មោះការបោះឆ្នោតនឹងត្រូវបិទបញ្ចប់ ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានអំពាវនាវឱ្យប្រជាពលរដ្ឋរួសរាន់ទៅចុះឈ្មោះបោះឆ្នោតនៅតាមឃុំសង្កាត់ដែលខ្លួនរស់នៅឱ្យបានគ្រប់ៗគ្នា។

សេចក្តីជូនដំណឹងរបស់ គ.ជ.ប បានបញ្ជាក់ថា នៅសល់តែ១ថ្ងៃទៀតទេ ការពិនិត្យបញ្ជីឈ្មោះ និង ការចុះឈ្មោះបោះឆ្នោតនឹងត្រូវបិទបញ្ចប់។ ដូច្នេះប្រជាពលរដ្ឋទាំងអស់ ត្រូវរួសរាន់ទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ដើម្បីស្នើសុំកែទិន្នន័យ ប្រសិនបើមានចំណុច ខុសឆ្គង។ ជាមួយគ្នានេះ ចំពោះប្រជាពលរដ្ឋដែលទើបគ្រប់អាយុ១៨ឆ្នាំ ។

ការពិនិត្យបញ្ជីឈ្មោះ និង ការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៨នេះ មានរយៈពេល១៨ថ្ងៃ ដោយ ចាប់ផ្តើមពីថ្ងៃទី១ដល់ថ្ងៃទី១៨ ខែតុលាឆ្នាំ ២០១៨ សម្រាប់អ្នកផ្លាស់ប្តូរលំនៅឋាន ការកែតម្រូវឈ្មោះ ឬទិន្នន័យអ្នកបោះឆ្នោត អ្នកទើបគ្រប់អាយុ១៨ឆ្នាំ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ អ្នកមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក ការស្រង់ និងលុបឈ្មោះចំពោះអ្នកមរណៈភាព និងអ្នកត្រូវបានដកសិទ្ធិបោះឆ្នោតបណ្តោះអាសន្ន ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប បានឱ្យដឹងថា តួលេខនៃអ្នកចុះឈ្មោះបោះឆ្នោតថ្មី គិតត្រឹមថ្ងៃទី១៦ ខែតុលា មានចំនួន១៨០,៩៤៤នាក់ ខណៈអ្នកដែលបានលុបឈ្មោះចេញពីបញ្ជីមានចំនួន ៤១,៤៥៩ នាក់ និងអ្នកដែលបានកែតម្រូវទិន្នន័យមានចំនួន១,៣៨១នាក់៕