ប្រមុខរាជរដ្ឋាភិបាលគ្រោងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចនៅប្រទេសតួកគី

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី៖​

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋតួកគី ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ ក្រោយពីត្រឡប់ចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១២ នៅប្រទេសប៊ែលហ្ស៊ិក។

អញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី មានឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ព្រមទាំងឥស្សរៈជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជាផងដែរ។

នៅទីក្រុងអ៊ីស្តង់ប៊ុល សម្តេចតេជោ នាយករដ្ឋមន្រ្តី នឹងជួបប្រជុំទ្វេភាគីជាមួយលោក រ៉េជីប ថាយយ៉ីប អ៊ែរឌូហ្គាន់ ប្រធានាធិបតីនៃសាធារណរដ្ឋតួកគី ដែលក្នុងឱកាសនោះថ្នាក់ដឹកនាំទាំងពីរ នឹងពិភាក្សាផ្លាស់ប្តូរទស្សនៈគ្នា សំដៅស្វែងរកលទ្ធភាពពង្រឹងនិងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីនាំមកនូវផលប្រយោជន៍រួមជូនប្រជាជននិងប្រទេសទាំងពីរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៧ ខែតុលានេះ។

សេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងទៀតថា កិច្ចព្រមព្រៀង និងអនុស្សរណៈនៃការយោគយល់គ្នាមួយចំនួន ក៏គ្រោងនឹងចុះហត្ថលេខាផងដែរ ដោយផ្តោតលើកិច្ចសហប្រតិបត្តិការក្នុងវិស័យវប្បធម៌ អប់រំ កីឡា កសិកម្ម ធនធានទឹក ទេសចរណ៍ វិនិយោគ និងសកម្មភាពកំចាត់មីន។

សម្តេចតេជោ នាយករដ្ឋមន្រ្តី នឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ប៊ីណាលី យីលឌីរីម ប្រធានរដ្ឋសភាតួកគី ព្រមទាំងចូលរួម និងថ្លែងសុន្ទរកថា ក្នុងពិធីបើកវេទិកាធុរកិច្ច កម្ពុជា-តួកគី ក្នុងគោលបំណងលើកទឹកចិត្តធុរជនតួកគី មកវិនិយោគនៅកម្ពុជា។ ក្រៅពីនេះ សម្តេចតេជោ នឹងទទួលជួបសិស្សនិស្សិតកម្ពុជាដែលកំពុងសិក្សានៅប្រទេសតួកគី ព្រមទាំងអញ្ជើញទស្សនាទីកន្លែងប្រវត្តិសាស្រ្តមួយចំនួនផងដែរ។

ប្រភពបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានឹងបើកស្ថានឯកអគ្គរាជទូតរបស់ខ្លួនប្រចាំនៅទីក្រុងអង់ការ៉ា នៅឆ្នាំ២០១៩ បន្ទាប់ពីប្រទេសទាំងពីរប្តេជ្ញាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ចំនួន៥០០លានដុល្លារអាមេរិក ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។

សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួម កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១២ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៨-១៩ ខែតុលា នៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក ក្រោមមូលបទ «អឺរ៉ុប និងអាស៊ី៖ ដៃគូសកលសម្រាប់បញ្ហាប្រឈមសកល» មានគោលបំណងពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការរវាងតំបន់អាស៊ី និងអឺរ៉ុប ខណៈពេលដែលតំបន់ទាំងពីរជំរុញកម្លាំងរួមគ្នា ដើម្បីដោះស្រាយបញ្ហាជាច្រើនដូចជា ការបង្កើនពាណិជ្ជកម្ម និងវិនិយោគ ការតភ្ជាប់ ការអភិវឌ្ឍប្រកបដោយចីរភាព និងបំរែបំរួលអាកាសធាតុ ជាដើម៕