ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នៅម៉ិកស៊ិកធ្វើឲ្យខាតបង់ថវិកាជាង ១២ ពាន់លានដុល្លារក្នុងឆ្នាំ២០១៧

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (១៧.១០.១៨)

ម៉ិកស៊ិក៖ មជ្ឈមណ្ឌលសម្រាប់ការពិសោធន៍និងសុវត្ថិភាពចរាចរណ៍ផ្លូវគោករបស់ប្រទេសម៉ិកស៊ិក (CESVI)
បាននិយាយពីថ្ងៃចន្ទថាគ្រោះថ្នាក់ចរាចរណ៍នៅម៉ិកស៊ិកបណ្តាលឱ្យមានការខាតបង់ថវិកាចំនួន ១២
ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០១៧ ដែលស្មើនឹង ១,៥ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនេះ(GDP) ។

នាយកនៃអង្គការ​នេះដែលជាអង្គការធ្វើការស៊ើបអង្កេតនិងការពារគ្រោះថ្នាក់ចរាចរណ៍បាននិយាយថានៅទូទាំងពិភពលោកគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ ២០១៧ នេះបានធ្វើឲ្យខាតបង់ថវិការចំនួនជាង ៥១៨ ពាន់លានដុល្លារ។

កាលពីឆ្នាំមុនម៉ិកស៊ិកមានគ្រោះថ្នាក់ចរាចរណ៍ចំនួន ២,៤ លានករណីដែលបណ្តាលឱ្យមនុស្សចំនួន ១៦.១៨៥
នាក់ស្លាប់និង ១០៨.៧៨៩ នាក់រងរបួស ។

ការប្រើប្រាស់ទូរស័ព្ទក្នុងពេលបើកបរបានក្លាយជាមូលហេតុលេខមួយនៃការស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសម៉ិកស៊ិកដែលមានចំនួន ៦០ ភាគរយលើសពីករណីការបើកបរលឿននិងក្រោមឥទ្ធិពលគ្រឿងស្រវឹង។