គិតត្រឹមថ្ងៃទី១១ ខែតុលាឆ្នាំ២០១៨ កសិករនៅខេត្ត-រាជធានីចំនួន១៥ បានបញ្ចប់ការងារ បង្កើនផលស្រូវវស្សាហើយ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហោ​ សេងគ្រី​៖

ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ឱ្យដឹងថា៖គិតមកដល់ត្រឹមថ្ងៃទី១១ខែតុលាឆ្នាំ២០១៨ កសិករនៅក្នុងខេត្តចំនួន១៥បានបញ្ចប់ការងារបង្កើនផលស្រូវរដូវវស្សានិងកសិករនៅតាមបណ្ដាខេត្ត-រាជធានីមួយចំនួនទៀត កំពុងបន្តភ្ជួររាស់ ដកស្ទូងនិងព្រោះស្រូវរដូវវស្សានៅឡើយ។

តាម របាយការណ៍របស់ក្រសួងកសិកម្ម ដែលចេញផ្សាយជាសាធារណ នៅថ្ងៃទី១៧ខែតុលានេះបាន ឱ្យដឹងថា៖ដោយសារតែនៅសប្ដាហ៍ទី២នៃខែតុលានេះអាកាសធាតុក្ដៅ ហើយមានភ្លៀងធ្លាក់មធ្យមរាយប៉ាយសើ្ទរតែគ្រប់តំបន់ កសិករនៅតាមបណ្ដាខេត្ត-រាជធានីមួយចំនួន កំពុងបន្តភ្ជួររាស់ ស្ទូងនិងព្រោះស្រូវគ្រប់ប្រភេទលើផ្ទៃដីចំនួនជាង២លានហិកតារស្មើនឹង១០៨,៥៣%។

ចំណែកឯកសិករនៅខេត្ត-រាជធានីចំនួន១៥ រួមមានខេត្តបន្ទាយមានជ័យ កំពត កោះកុង ក្រចេះ មណ្ឌលគីរី រាជធានីភ្នំពេញ ព្រះវិហារ រតនគីរី សៀមរាប ព្រះសីហនុ ស្ទឹងត្រែង តាកែវ ឧត្តរមានជ័យ ប៉ៃលិន និងខេត្តត្បូងឃ្មុំ បានបញ្ចប់ការងារបង្កបង្កើនផលស្រូវ រដូវវស្សាឆ្នាំ២០១៨ហើយ។

ក្រសួងកសិកម្ម ឱ្យដឹងថា ខេត្តដែលអនុវត្តន៍ដំណាំស្រូវបានលឿនជាងគេក្នុងរដូវវស្សាឆ្នាំនេះ គឺខេត្តបាត់ដំបង ខេត្តពោធិសាត់និងខេត្តកណ្ដាល។ ចំណែកឯខេត្តដែលអនុវត្តន៍ដំណាំស្រូវយឺតយ៉ាវជាងគេ គឺខេត្តកំពង់ស្ពឺ។

កាលពីចុងខែកក្កដានិងខែសីហាកន្លងទៅ ទឹកជំនន់ដោយសារភ្លៀងខ្លាំងនិងជំនន់ទន្លេមេគង្គបានធ្វើឱ្យប៉ះពាល់ដល់បណ្ដាខេត្ត-រាជធានីចំនួន២១ ហើយបានធ្វើឱ្យខូចខាតដំណាំស្រូវអស់ចំនួនជាង៦៤០០០ហិកតារ ព្រមទាំងខូចខាតដំណាំរួមផ្សំដទៃទៀតអស់ចំនួនជាង៩៨០០ហិកតារ។

ក្រៅពីទឹកជំនន់បំផ្លាញស្រូវ និងដំណាំរួមផ្សំ នៅក្នុងខេត្តចំនួន២១អស់ជាង៧៤០០០ហិកតារនោះ គ្រោះរាំងស្ងួត ក៏បន្ដបំផ្លាញដំណាំស្រូវនិងដំណាំរួមផ្សំ នៅក្នុងខេត្តចំនួន១១ បណ្ដាលឱ្យស្រូវនិងដំណាំរួមផ្សំ ចំនួនជាង៣៥០០០ហិកតារខូចខាតបន្ថែមទៀត៕