វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីអាណត្តិទី២ នៅខណ្ឌ៧មករា

AKP ភ្នំពេញ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ –ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី២ នៅ ខណ្ឌ៧មករា ប្រជាពលរដ្ឋបានស្នើសុំឱ្យអាជ្ញាធរ ជួយដោះស្រាយ បញ្ហាក្មេងទំនើងប្រើប្រាស់គ្រឿងញៀន, សន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ, សុខាភិបាល, ផ្លូវ, ស្ដារលូ,ភ្លើងបំភ្លឺសាធារណៈ,បញ្ហាមែកឈើងាប់ធ្លាក់មកលើប្រជាពលរដ្ឋ, សំរាមស្អុយ​, បញ្ហាចរាចរណ៍,ហ្គេម​បាញ់​ត្រី ជាដើម ។ វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នេះ បានប្រព្រឹត្ដទៅនៅថ្ងៃពុធ ៨កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័កព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨នេះ នៅវិទ្យាល័យបាក់ទូក ក្រោមអធិបតីភាព លោក​ ជួប ខុន សមាជិកក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និងលោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ ។

លោក ​ ជួប ខុន បានមាន​ប្រសាសន៍​ថា​ វេទិកាផ្សព្វផ្សាយ​ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ​ធ្វើ​ឡើង​រៀងរាល់​មួយ​ឆ្នាំ​ម្តង​ ប៉ុន្តែៅ​ថ្នាក់​សង្កាត់ ​និង​ខណ្ឌ​តែងតែ​ធ្វើ​ជា​ប្រចាំ​ ក្រោយពី​បញ្ចប់​វេទិកា​ពិគ្រោះ​យោ​បល់ ​គឺ​យើង​បូក​សរុប​បញ្ហា ​ដែល​ប្រជាពល រដ្ឋ​ស្នើឡើង ​និង​ការចង់បាន​របស់​ប្រជា​ពលរដ្ឋ ហើយ​ដាក់​ចូល​ក្នុង​គម្រោង​អភិវឌ្ឍន៍ ​ដើម្បី​បំពេញ​ការចង់បានរ​បស់​ប្រជាពលរដ្ឋ ​។​

លោក ជួប ខុន ក៏​បាន​ស្នើសុំ​ឱ្យ​ប្រជាពលរដ្ឋ​លើកឡើងនូវបញ្ហាប្រឈមនានា ក្នុងមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធររាជធានីភ្នំពេញដោះស្រាយជូនបងប្អូន។ ក្នុងឱកាស​នោះលោកក៏​បានកោតសរសើរ​ចំពោះ​កម្លាំង​មាន​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ដែល​បាន​បង្ក្រាប​បទល្មើស​ជាប្រចាំ ពិសេស​លើ​ការបង្ក្រាប​គ្រឿងញៀន​ ការរៀបចំសណ្ដាប់ធ្នាប់សាធារណៈជូនបងប្អូនបានល្អកន្លងមក ។ នេះជាការ​បង្ហាញ​ពី​ការ​ចូក​រួម​អនុវត្តន៍​គោលនយោបាយ​ភូមិ​សង្កាត់​ មានសុវត្ថភាពបាន​ល្អ​។​

លោកបានបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់​របស់ក្រុមប្រឹក្សារាជធានីនៅព្រឹកនេះ គឺផ្តោតសំខាន់ពាក់ព័ន្ធបញ្ហាជាច្រើន ដែលទាក់ទងនឹងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន បញ្ហាសន្តិសុខ, សណ្តាប់ធ្នាប់, បញ្ហាបរិស្ថាន, បញ្ហាគ្រឿងញៀ,សុខភាព,ទឹក, ភ្លើង និងបញ្ហាអភិវឌ្ឍន៍មូលដ្ឋាន។

ក្នុងវេទិកានេះ ប្រជាពលរដ្ឋជាច្រើននាក់បានស្នើសុំដល់អាជ្ញាធររាជធានីភ្នំពេញ ជួយដោះស្រាយជាច្រើនករណី ដែលភាគច្រើនជាពាក់ព័ន្ធនឹងការងារសាធារណៈ ដូចជា បញ្ហាដាក់អំពូលភ្លើង, បញ្ហាគ្រឿងញៀន, បញ្ហាក្មេងទំនើង, ផ្លូវ, បញ្ហាដាក់លូ, បញ្ហាកាប់ដើមឈើ និងកាប់មែកឈើ, បញ្ហាចរាចរណ៍ ដើម្បីងាយស្រួលកាត់បន្ថយគ្រោះថ្នាក់ចរាចរ, បញ្ហាកែឈ្មោះលើសៀវភៅគ្រួសារ, ការចុះបញ្ជីឈ្មោះក្មេងតូចៗចូលក្នុងសៀវភៅគ្រួសារ នៅសាលាខណ្ឌមានការយឺតយ៉ាវ។

លោកស្រី កែវ សុខពិសី  អភិបាលរង​រាជធានី​ភ្នំពេញ មានប្រសាសន៍ថា​ សម្រាប់​រដ្ឋ បាល​រាជធានី​ភ្នំពេញ​ ការចូលរួម មតិយោបល់ និង​លើក​ឡើង​នូវសំណើរ សំណួរ សំណូមពរ​របស់​ប្រជាពលរដ្ឋ ពិត​បាន​នាំមក​នូវ​សក្តានុពល​យ៉ាង​ធំធេង និង​បាន​ធ្វើឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្លុះបញ្ចាំងនូវ​ចំណុច​អសកម្ម​នា​នា ពេលកន្លងមក ដើម្បី​រដ្ឋបាល​រាជធានី​ធ្វើ​ការកែលម្អ​ឡើងវិញ និង​អភិវឌ្ឍន៍​ក្នុង​មូលដ្ឋានឱ្យបាន​ល្អ​ប្រសើ​រ និងស្វែងរក​នូវ​ដំណោះស្រាយ ​ជូន​ប្រជាពលរដ្ឋ​ឱ្យមាន​តម្លាភាព និង​មាន​ប្រសិទ្ធភាព ​ក្នុង​នាម​ជា​តំណាង​រដ្ឋបាល​សាធារណៈ​។

សូមបញ្ជាក់ថា  វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ត្រូវបានធ្វើឡើងក្នុង១ឆ្នាំម្តង សម្រាប់ខណ្ឌនីមួយៗ មានន័យថា ទាំង១២ខណ្ឌចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើឡើងចំនួន១២ដងផងដែរ៕

ដោយសួស សំរិត