ការដ្ឋានស្ថាបនាប្រឡាយស្ទឹងមានជ័យ តំណាក់កាលទី២ ឈានដល់ការចាក់បេតុង

វិទ្យុជាតិកម្ពុជា​:​ ដោយ​ លោក​ អ៊ួង វុធ​ និងលោក​ ចន​ ណារិទ្ធ​:​

​ការដ្ឋានស្ថាបនាប្រឡាយស្ទឹងមានជ័យ តំណាក់កាលទី២ មកដល់ពេលនេះ បានឈានដល់ការ ចាក់បេតុងជាបណ្តើរៗហើយ បន្ទាប់ពីការស្ថាបនាតំណាក់កាលទី១ត្រូវបានបញ្ចប់។ ជាមួយការសាងសង់លំនៅដ្ឋាន របស់បងប្អូន ដែលរដ្ឋបាលរាជធានីភ្នំពេញបានពុះឡូត៍ចែកជូន ក៏បាន នឹងកំពុងសាងសង់ ដែលបងប្អូនទទួលបានកម្មសិទ្ធិដីធ្លីស្របច្បាប់នៅនឹងកន្លែង។

លោក លឺម វ៉ាង ប្រធានសហគមន៍សន្សំប្រាក់ស្ទឹងមានជ័យបានបញ្ជាក់ថា បន្ទាប់ពីការដ្ឋានស្ថាបនាប្រឡាយស្ទឹងមានជ័យ តំណាក់កាលទី១ប្រវែង៣២៦ម៉ែត្រ ត្រូវបានបញ្ចប់ គម្រោងស្ថាបនាប្រឡាយស្ទឹងមានជ័យតំណាក់កាលទី២ ត្រូវបានអនុវត្តបន្ត។

គម្រោងទីពីរនេះ កំពុងចាក់បេតុងជញ្ជាំងប្រឡាយ ដែលមកដល់ពេលនេះ សម្រេចបានប្រមាណ១០០ម៉ែត្រហើយ ក្នុងគម្រោងប្រវែងសរុបប្រមាណជាង១៦០ម៉ែត្រ។

លោកបន្តថា ការដ្ឋានស្ថាបនាប្រឡាយស្ទឹងមានជ័យ តំណាក់កាលទី១ ដែលរដ្ឋបាលរាជ សាលាធានីភ្នំពេញ បានពុះឡូត៍ចែកជូននោះ នៅពេលនេះ ប្រជាពលរដ្ឋ បាននឹងកំពុងសាងសង់ផ្ទះ ជាច្រើនជាន់ប្រមាណ២០ខ្នងផ្ទះហើយដែរ ជាមួយនិងការតបណ្តាញទឹក ភ្លើងជូនបងប្អូន។

គួររំលឹកថា៖ នៅតំបន់ស្ទឹងមានជ័យ ដែលរដ្ឋបាលរាជធានីភ្នំពេញ កំពុងស្ថាបនាប្រឡាយស្ទឹងមានជ័យជូននេះ មានប្រវែង១៣៩៨ម៉ែត្រ ដោយចាក់ជញ្ជាំងបេតុង មានទទឹង៨ម៉ែត្រ។ គម្រោងនេះ ត្រូវបានបែងចែកជា៤តំណាក់កាល ។ ក្នុងនោះតំណាក់កាលទី១ មានប្រវែង៣២៦ម៉ែត្រ សងខាងប្រឡាយសរុបប្រវែង៦៥២ម៉ែត្រ។

ក្នុងជំហានទី១នេះ រដ្ឋបាលរាជធានី បានសម្រេចចាប់ឆ្នោតប្រគល់ដីជូនប្រជាបងប្អូន ដែលរស់នៅលើប្រឡាយចំនួន ១៥២គ្រួសាររួចហើយ។ ប្រឡាយស្ទឹងមានជ័យដែលរដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងធ្វើការអភិវឌ្ឍនេះ ឆ្លងកាត់ខណ្ឌចំនួន២ គឺខណ្ឌមានជ័យ និងខណ្ឌសែន សុខ ដែលមានប្រជាពលរដ្ឋ រស់នៅ និងរងផលប៉ះពាល់ប្រឡាយនេះចំនួន៥៦២គ្រួសារ ហើយប្រជាពលរដ្ឋទាំងអស់នេះ នឹងទទួលបានដីទំហំ៤គុណ និង៦ម៉ែត្រ ជាកម្មសិទ្ធិស្របច្បាប់នៅនិងកន្លែង។

សូមបញ្ចាក់ថា៖ ប្រឡាយស្ទឹងមានជ័យ មានតួនាទីសំខាន់ ក្នុងការរំដោះទឹកកក្វក់ ទំលាក់ ទៅបឹងទំពុន។ តួប្រឡាយស្ទឹងមានជ័យនេះ មានទំហំ៨ម៉ែត្រ ចិញ្វើម២ម៉ែត្រ សាងសង់ផ្លូវបេតុងទទឹង៦ម៉ែត្រ ផ្លូវមុខផ្ទះ៥ម៉ែត្រ ដីនៅសល់មុខផ្ទះ១ម៉ែត្រកន្លះ និងក្រោយផ្ទះកន្លះម៉ែត្រ៕