ជប៉ុននឹងបង្កើតព្រឹតការណ៍ដើម្បីជួយឱ្យបរិស្ថានរបស់កម្ពុជាមានភាពស្អាត

វិទ្យុជាតិកម្ពុជា​:​ ដោយ​ លោក​ វ៉ាង ភក្តី:​

ជប៉ុននឹងបង្កើតព្រឹតការណ៍ដើម្បីជួយឱ្យបរិស្ថានរបស់កម្ពុជាមានភាពស្អាត ខណៈបញ្ហាសំរាម និងបរិស្ថាននៅកម្ពុជាកំពុងស្ថិតក្នុងចំណោមបញ្ហាដែលធ្វើឱ្យរាំងស្ទះដល់ការអភិវឌ្ឍ និងបង្កដល់ផលប៉ះពាល់សោភណ្ឌភាពទីក្រុង និងអនាម័យ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នាស្តីពីខែមិត្តភាពជប៉ុនកម្ពុជា នាស្ថានទូតជប៉ុនក្នុងរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៦ ខែតុលានេះ ឯកឧត្តម ហូរីណូអ៊ុឈិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី១៨ ខែវិច្ឆិកាខាងមុខនេះ នឹងមានកិច្ចសហការមួយរវាងប្រជាជនជប៉ុន និងប្រជាជនកម្ពុជា ដើម្បីរួមគ្នាសំអាតទីក្រុងភ្នំពេញ។

ឯកឧត្តមបន្តថា អ្នកចូលរួមប្រមាណ៥០០នាក់ នឹងរួមគ្នាដើររើសសំរាម និងសំអាតបរិស្ថាននៅតាមសាលារៀន សហគមន៍ កន្លែងធ្វើការ និងតាមទីសាធារណៈ ដើម្បីបញ្ជ្រាបពីចំណេះ និងការគិតគូរដល់ផ្នែកបរិស្ថានល្អ និងអនាម័យ។

លោក កាន់ដា (KANDA) ប្រធានគណៈកម្មាធិការប្រតិបត្តិនៃគម្រោងភ្នំពេញទីក្រុងស្អាតជាមួយប្រទេសជប៉ុន មានប្រសាសន៍ថា បញ្ហាសំរាម និងបញ្ហាបរិស្ថានៅនៅក្នុងប្រទេសកម្ពុជា ត្រូវបានចាត់ទុកជាប្រធានបទដែលកំពុងតែមានការសិក្សាជាបន្តបន្ទាប់ តាមរយៈកិច្ចសហការជាមួយប្រជាជនកម្ពុជា។ លោកបញ្ជាក់ថា ប្រជាជនជប៉ុនមានបំណងបញ្ចូលវប្បធម៌នៃការសំអាតរបស់ជប៉ុនមកកាន់ប្រទេសកម្ពុជា ដើម្បីឱ្យមានការចូលរួមទាំងអស់គ្នា ពិសេសប្រជាជនកម្ពុជានៅតាមសហគមន៍ឱ្យទទួលបានចំណេះដឹងបន្ថែមអំពីកិច្ចគាំពារ និងអភិរក្សបរិស្ថានប្រកបដោយភាពស្អាត។

សូមបញ្ជាក់ថា ដើម្បីអបអរខួប៦០ឆ្នាំនៃទំនាក់ទំនងជាមួយកម្ពុុជា ស្ថានទូតជប៉ុនប្រចាំកម្ពុជាសហការជាមួយភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) និងវិស័យឯកជនពីប្រទេសជប៉ុនជាច្រើនទៀត នឹងរៀបចំខែមិត្តភាពជប៉ុនកម្ពុជា ដ៏ធំមួយនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៩ ខែតុលា ដល់ថ្ងៃទី១៨ ខែវិច្ឆិកាខាងមុខនេះ ដោយមានបញ្ចូលព្រឹត្តិការណ៍ជាច្រើនដូចជា ការផ្លាស់ប្តូរួស្សនកិច្ចរវាងក្រុមនិស្សិតសាកលវិទ្យាល័យរវាងប្រទេសទាំងពីរ ការប្រកួតបាល់ទាត់មិត្តភាពរវាងក្រុមជម្រើសជាតអាយុក្រោម១៩ឆ្នាំ សប្តាហ៍បញ្ជាំងភាពយន្តជប៉ុន ពិព័រណ៍ទេសចរណ៍ជប៉ុន និងព្រឹត្តិការណ៍សំអាតទីក្រុង ជាដើម៕