ប្រជុំបូកសរុបការងារកាយរីទ្ធិកម្ពុជាខេត្តព្រះសីហនុប្រចាំឆ្នាំ២០១៧-២០១៨

AKP ព្រះសីហនុ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ — នៅសាលាខេត្តព្រះសីហនុ នារសៀលថ្ងៃអង្គារ ៧កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័កព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ កាយរីទ្ធិកម្ពុជាខេត្តព្រះសីហនុ បើកកិច្ចប្រជុំបូក សរុបការងារកាយរីទ្ធិប្រចាំឆ្នាំ២០១៧-២០១៨ និងប្រកាស ស្ដីពីការតែងតាំងគណៈកម្មាធិការ ប្រតិបត្តិកាយរីទ្ធិជាតិកម្ពុជាខេត្តព្រះសីហនុសម្រាប់អាណត្តិទី៣ ក្រោមអធិបតីភាពឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។


លោក កែវ ឡាយ ប្រធានមន្ទីអប់រំយុវ ជន និងកីឡា នឹងជាស្នងការ កាយរីទ្ធិកម្ពុជាខេត្តព្រះ សីហនុមានប្រសាសន៍ឱ្យដឹងថា កាយរីទ្ធិកម្ពុជាខេត្តព្រះសីហនុមាន ១៧កងឯកភាព នៅតាមសាលារៀន ក្នុងក្រុង១ ស្រុកទាំង៣ និងមានសមាជិកសរុបចំនួន ៩៥៣នាក់ ស្រី ៥៧៤នាក់។


លោក កែវ ឡាយ មានប្រសាសន៍បន្តទៀតថា ក្រុមកាយរីទ្ធិបានចូលរួមអនុវត្តន៍ ការងារតាមសាលារៀនកាយរីទ្ធិបានរៀបចំខ្លួន ចូលរួមសម្អាតអនាម័យថ្នាក់រៀន បរិស្ថានថ្នាក់រៀន ធ្វើជាគំរូក្នុងការគោរពវិន័យ និងបទបញ្ជាផ្ទៃក្នុងរបស់សាលា ជួយការពារ ទ្រព្យសម្បត្តិសាលា និងទ្រព្យសម្បត្តិតាមទីធ្លាសាធារណៈ។ ក្រុមកាយរីទ្ធិបានចូលរួម ក្នុងការងារសង្គមដូចជាក្រុមស្ម័គ្រចិត្តភ្នាក់ងារមិត្តអប់រំមិត្តចូលរួមផ្សព្វផ្សាយអំពីផលប៉ះពាល់ផ្សេងៗក្នុងសង្គមដូចជា ផល ប៉ះពាល់មេរោគអេដស៍ និងជំងឺអេដស៍ ការជួញដូរកុមារ និងស្ត្រីអំពើហិង្សាក្នុងគ្រួសារ ចូលរួមផ្សព្វផ្សាយផលប៉ះពាល់នៃការប្រើប្រាស់ និង ជួញដូរ គ្រឿងញៀន ចូលរួមផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងការអប់រំបែប ព្រះពុទ្ធសាសនា ។ល។ ចូលរួមធ្វើអនាម័យនៅតាមដងផ្លូវ តាម សួនច្បារ តាមតំបន់ឆ្នេរ និងចូលរួមដាំ ដើមឈើ។ ទន្ទឹមនឹងការរីកចម្រើន ក៏មានបញ្ហាប្រឈមមួយចំនួនមានដូចជាមិនទាន់មាន សៀវភៅសិក្សាគោល ខ្វះឯកសារបណ្ដុះបណ្ដាលមេដឹកនាំ និងសមាជិកកាយរីទ្ធិ។


លោកបានបន្តថា ទិសដៅខាងមុខយើងនឹងបន្តផ្សព្វផ្សាយរាល់លិខិតបទដ្ឋាននានា របស់កាយរីទ្ធិកម្ពុជា និងជំរុញលើកទឹកចិត្ត ដល់ក្រុមកាយរីទ្ធិក្នុងការ ចូលរួមដោយស្ម័គ្រ ចិត្តក្នុងការដឹកនាំធ្វើសកម្មភាពកាយរីទ្ធិក្នុងអង្គភាព ពង្រឹងនាយកាយរីទ្ធិ នៅតាមកងឯកភាព និងចូលរួមការងារសង្គម។

ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍កោត សរសើរថ្នាក់ដឹកនាំកាយរីទ្ធិកម្ពុជាខេត្តព្រះសីហនុ និងក្រុមកាយរីទ្ធិ បានចូលរួមការងារ យ៉ាងច្រើនក្នុងសង្គម រួមចំណែកកសាង និងអភិវឌ្ឍន៍ខេត្ត មានការរីកចម្រើន ពិសេសបាន ជួយការងារស្មគ្រ័ចិត្តក្នុងសង្គម ធ្វើការងារមិត្ត អប់រំមិត្តនៅតាមសាលាគោលដៅ ពិសេសបានបណ្តុះបណ្តាលដល់សមាជិកកាយរីទ្ធិឱ្យមានក្រមសីលធម៌ គោរពវិន័យ ដើម្បីក្លាយខ្លួនជាកូនល្អ សិស្សល្អ និងជាទំពាំងស្នងឫស្សីក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេស ជាតិឱ្យមានការរីកចម្រើន ព្រមទាំងបានផ្តាំផ្ញើ ដល់ម្មួយៗកាយរីទ្ធិត្រូវខិតខំឧស្សាព្យាយាមរៀនសូត្រ គោរពវិន័យក្លាយខ្លួនជាមនុស្សល្អ កូនល្អក្នុងសង្គម៕

ដោយ ងូ សុមុនី