រដ្ឋមន្រ្ដីក្រសួងកសិកម្ម៖ យើងរួមគ្នាកាត់បន្ថយភាព អត់ឃ្លានឱ្យធ្លាក់ដល់កម្រិតសូន្យនៅឆ្នាំ២០៣០

AKP កំពង់ចាម ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ — យើងរួមគ្នាកាត់បន្ថយភាពអត់ឃ្លាឱ្យបានដល់កម្រិតសូន្យនៅឆ្នាំ២០៣០ គឺជាប្រធាន បទដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកយកមកប្រារព្ធក្នុងទិវា ស្បៀង អាហារពិភពលោកឆ្នាំ២០១៨ ដែលបានប្រារព្ធធ្វើក្នុងបរិវេណវត្តប៉ប្រក ស្ថិតនៅឃុំសូភា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃអង្គារ ៧កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ ក្រោមអធិបតីភាពរបស់ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដោយមានការចូលរួមពីខេត្តចំនួន៥មានខេត្ត ត្បូងឃ្មុំ ព្រៃវែង ក្រចេះ កំពង់ធំនិងខេត្តកំពង់ចាម។

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ក្នុងបរិបទបច្ចុប្បន្នប្រទេសជាច្រើននៅលើពិភពលោកក៏ដូចជាប្រទេសកម្ពុជាយើងបានយកចិត្តទុកដាក់ក្នុងការកាត់បន្ថយអសនិ្តសុខស្បៀងអាហារនិងកង្វះអាហាររូបត្ថម្ភ។ នៅឆ្នាំ២០១៥ មានប្រជាជនប្រមាណ៥១២លាននាក់ប្រឈមនឹងភាពអត់ឃ្លានពុំមានអាហារូបត្ថម្ភគ្រប់គ្រាន់។ក្នុងមួយឆ្នាំមនុស្សជាច្រើនលាននាក់បានបាត់បង់ជីវិតដោយពុំមានស្បៀងអាហារគ្រប់គ្រាន់និងកង្វះអាហាររូបត្ថម្ភពិសេសគឺស្រ្ដីនិងកុមាររងផលប៉ះពាល់ខ្លាំងជាងគេ។នៅប៉ុន្មានទសវត្សរ៍ចុងក្រោយពិភពលោករួមគ្នាក្នុងគោលដៅ ពិភពលោកមួយគ្មានការអត់ឃ្លាន និងកង្វះអាហាររូបត្ថម្ភឡើយ។

ឯកឧត្តមរដ្ឋមន្រ្ដីបានបញ្ជាក់ ការប្រារព្ធទិវាស្បៀងអាហារពិភពលោកនេះឡើង ក្នុងន័យបំផុសស្មារតីឱ្យយល់ដឹងអំពីតួនាទីដ៏សំខាន់របស់វិស័យកសិកម្មដល់ប្រជាកសិករក្នុងការដោះស្រាយបញ្ហាសន្ដិសុខស្បៀង សុវត្ថិភាពចំណីអាហារ សុខុមាលភាពនិងអភិវឌ្ឍន៍ ជនបទសំដៅឈាន ទៅរកការបញ្ចប់ភាពអត់ឃ្លានរបស់ប្រជាជននៃបណ្ដា ប្រទេសទូទាំងពិភពលោក។
ឯកឧត្តម វេង សាខុន បានបញ្ជាក់ថា វិស័យកសិកម្មបានដើរតួនាទីយ៉ាង សំខាន់ក្នុងកិច្ចគាំពារសេដ្ឋកិច្ចសង្គមបរិស្ថានវប្បធម៌ដើម្បីឈានទៅសម្រេចឱ្យបាននូវគោលបំណងជាសកលនៃគោលដៅបញ្ចប់នូវភាពអត់ឃ្លាននៅឆ្នាំ២០៣០នាពេលខាងមុខ។

ឯកឧត្តម វេង សាខុន បានឱ្យដឹងថា រាជរដ្ឋាភិបាលបានចាត់ទុកវិស័យកសិកម្ម ជាការងារអាទិភាពបំផុតក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ នីតិកាលទី៦ នៃរដ្ឋសភា គឺកំណើនការងារដោយសមធម៌និងប្រសិទ្ធភាពក្នុងវិស័យកសិកម្មជាវិស័យអាទិភាពក្នុងការលើកកម្ពស់ជាផលិតភាព ពិពិធភាវូបនីយកម្ម ពាណិជ្ជបនីយកម្មកសិកម្ម ការលើកម្ពស់ ការចិញ្ចឹមសត្វ វារីវប្បកម្មនិងគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្ដភាព តាមអភិក្រម កំណែទម្រង់ស៊ី ជម្រៅប្រកបដោយបរិយាប័ន្ន ការកាត់បន្ថយភាពក្រីក្រធានាតុល្យភាព និងកាត់បន្ថយគម្លាតទីក្រុងនិងជនបទព្រោះវិស័យកសិកម្មទាំមូលបានរួមចំណែកនៃអនុវិស័យនីមួយៗក្នុងផលិតផលក្នុងស្រុកសរុប(GDP)ផងដែរ។កំណើនសេដ្ឋកិច្ចប្រទេសកម្ពុជាយើងស្ថិតក្នុងអត្រា៧,២៥ភាគរយព្រមជាមួយនិងអត្រាអតិផរណាមានកម្រិតទាបត្រឹម២,៥ភាគរយប៉ុណ្ណោះ។

ឯកឧត្តម វេង សាខុន បានលើកឡើងថាដើម្បីឈានសម្រេចគោលដៅ នេះឯកឧត្តមបានសុំអំពាវនាវដល់មន្រ្ដីជំនាញទាំងអស់ ស្ថាប័នពាក់ព័ន្ធនិងអាជ្ញាធរដែនដី ត្រូវតែរួមគ្នាចែករំលែកបទពិសោធន៍ទាំងឡាយក្នុងវិស័យកសិកម្មដល់ប្រជាកសិករដែលជាកត្តាសំខាន់ដើម្បីទ្រទ្រង់កម្រិតជីវភាពកំណើនសេដ្ឋកិច្ចជាតិធានានូវសន្តិសុខស្បៀង ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជនបទកាត់បន្ថយការចំណាកស្រុកនិងភាពក្រីក្ររបស់បងប្អូនប្រជាកសិករដែលប្រកបរបរកសិកម្មជាចម្បងនោះ។ ទើបយើងលប់បំបាត់ភាពអត់ឃ្លានធានា បាននូវសន្ដិសុខស្បៀង ធ្វើឱ្យប្រសើរអាហារូបត្ថម្ភនិងជំរុញការអភិវឌ្ឍ កសិកម្មដោយនិរន្ដភាព៕

ដោយ ឆាយ ម៉ុត