រដ្ឋមន្ត្រីពាណិជ្ជកម្មលើកឡើងថា កម្ពុជាត្រៀមពង្រឹងកិច្ចសហការជាមួយឥណ្ឌូណេស៊ី លើ វិស័យសំខាន់ៗរួមទាំងវិស័យបច្ចេកវិទ្យាផងដែរ

AKP ភ្នំពេញ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ — រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានប្រាប់មន្ត្រីការទូតឥណ្ឌូណេស៊ីថា កម្ពុជាបានត្រៀមលក្ខណៈ រួចរាល់ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសឥណ្ឌូណេស៊ី នៅលើ វិស័យអាទិភាពផ្សេងៗ រាប់ចាប់តាំងពីពាណិជ្ជកម្ម វប្បធម៌ រហូតដល់បច្ចេកវិទ្យា ដើម្បីកាត់ បន្ថយឱនភាពទំហំពាណិជ្ជកម្មប្រចាំឆ្នាំរបស់ប្រទេសទាំងពីរ។ នេះបើយោងតាមការចេញ ផ្សាយរបស់ក្រសួងពាណិជ្ជកម្ម។


ក្នុងឱកាសទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម ស៊ូឌាមេន ហាសេង (Sudirman Haseng) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី​ប្រចាំនៅ កម្ពុជា កាលពីព្រឹកថ្ងៃអង្គារ ទី១៦ ខែតុលា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងពីទំនាក់ទំនងមិត្តភាព ប្រពៃណីរវាងកម្ពុជា និងឥណ្ឌូណេស៊ី និងបានបង្ហាញអំពីសក្តានុពលកសិកម្ម ទេសចរណ៍ និងឧស្សាហកម្មរបស់កម្ពុជា ដែលកំពុងត្រូវបានរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ក្នុងការ ធ្វើពិពិធកម្ម សម្រាប់ពង្រីក នាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក។

ឯកឧត្តមរដ្ឋ មន្ត្រីបានជម្រាបជូនវឌ្ឍនភាពនៃវិស័យពាណិជ្ជកម្មប្រទេសទាំងពីរ និងបានស្នើឱ្យមានជើង ហោះហើរត្រង់ពីឥណ្ឌូណេស៊ីមកកម្ពុជា ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងវប្បធម៌ ក៏ដូចជាការពង្រឹងកិច្ចសហការវាងវិស័យឯកជននៃប្រទេសទាំងពីរ ជាពិសេសការផ្លាស់ប្តូរ បទពិសោធន៍លើផ្នែកបច្ចេកវិទ្យាទូរគមនាគមន៍ និងនវានុវត្តន៍ (គំនិតច្នៃប្រឌិត) ដែលជាគន្លឹះ ក្នុង​ការលើកស្ទួយសហគ្រិនភាព សំដៅធ្វើពិពិធកម្មឱកាសការងារ និងជំរុញកំណើនសេដ្ឋ កិច្ចជាតិ។
ឯកឧត្តម ស៊ូឌាមេន ហាសេង បានគូសបញ្ជាក់ថា ឥណ្ឌូណេស៊ីមានបំណងពង្រីកកិច្ច សហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិស័យអាទិភាពផ្សេងទៀតជាមួយកម្ពុជា ហើយ នៅសប្តាហ៍ក្រោយ ក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ី នឹងសម្របសម្រួលដំណើរទស្សនកិច្ច របស់ប្រតិភូធុរជនកម្ពុជា ដែលស្វែងរកឱកាសអាជីវកម្មនៅទីក្រុង Bandung នៃខេត្តចាវ៉ា ខាងលិច នៅក្នុងប្រទេសឥណ្ឌូណេស៊ី។

ឯកឧត្តមឯកអគ្គរដ្ឋទូតបានបន្ថែមថា រដ្ឋាភិបាល ឥណ្ឌូណេស៊ី កំពុងពិចារណាទិញអង្ករ និងផលិតផលកសិកម្មមួយចំនួនទៀតពីកម្ពុជា និង បានជំរុញពាណិជ្ជករឥណ្ឌូណេស៊ី ចូលរួមព្រឹត្តិការណ៍ពិព័រណ៍ភូមិ១ ផលិតផល១ ដែលគ្រោង នឹងរៀបចំនៅរាជធានីភ្នំពេញនៃប្រទេសកម្ពុជា ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១១ ខែធ្នូខាងមុខ ដើម្បីជំរុញកិច្ចសហការ និងកាត់បន្ថយឱនភាពទំហំពាណិជ្ជកម្មទ្វេភាគីឱ្យបានអតិបរមា។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងឥណ្ឌូណេស៊ី សម្រេចបានទឹកប្រាក់សរុប៥៣៩លានដុល្លារសហរដ្ឋអាមេរិក ពោលគឺបានកើនឡើងជាង ២០ភាគរយ បើធៀបនឹងឆ្នាំ២០១៦។ ក្នុងនោះ ការនាំចេញរបស់កម្ពុជាមានទឹកប្រាក់ ២៦លាន​ដុល្លារអាម៉េរិក និងនាំចូលមានចំនួន៥១៤លានដុល្លារអាម៉េរិក។ ដោយឡែក នៅក្នុងឆមាស​ទី១ នៃឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មទ្វេភាគី សម្រេចបានទឹកប្រាក់៣១៨លានដុល្លារអាម៉េរិក គឺបានកើនឡើង ៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧៕

ដោយ អ៊ុន រិទ្ធី

រូបថត៖ក្រសួងពាណិជ្ជកម្ម