ឯកឧត្តម អូស្មាន ហាស្សាន់ អញ្ជើញទៅចូលរួមកិច្ចប្រជុំ ឧត្តមក្រុមប្រឹក្សាអង្គការសម្ព័ន្ធអ៊ិស្លាមពិភពលោក

AKP ភ្នំពេញ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ — ឯកឧត្តមទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងសហការី បានចេញដំណើរបេសកកម្មការទូតជាមួយមេដឹកនាំអង្គការអ៊ិស្លាមនៅអារ៉ាប៊ី សាអូឌីត បន្ទាប់ពីឯកឧត្តមត្រូវបានអង្គការសម្ព័ន្ធឥស្លាមពិភពលោក (RABITA) បានជ្រើស តាំងជាសមាជិកឧត្តមក្រុមប្រឹក្សាសម្រាប់រយៈពេល៥ឆ្នាំ ២០១៨-២០២៣ដែលអង្គការនេះ នឹងរៀបចំកិច្ចប្រជុំឧត្តមក្រុមប្រឹក្សាលើកទី៤៣ នៅទីក្រុងម៉ាកះ ប្រទេសអារ៉ាប៊ីសាអូឌីត នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ស្តីពីបញ្ហានានារបស់អ៊ិស្លាមសម័យទំនើប និងស្ថានការណ៍ របស់សហគមន៍មូស្លិមភាគតិចជុំវិញពិភពលោក និងបញ្ហាផ្សេងៗ។

ឯកឧត្ដមទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេសបាន បញ្ជាក់នាថ្ងៃអង្គារ ៧កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញថា អង្គការសម្ព័ន្ធអ៊ិស្លាមពិភពលោក ជាអង្គការអ៊ិស្លាមដ៏ធំរបស់រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ដែលបង្កើតឡើងនៅឆ្នាំ១៩៦២ ដោយព្រះចៅ Faisal bin Abdul Aziz Al Saud ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត អង្គការនេះដែរ ក៏ជាសមាជិករបស់អង្គការសហប្រជាជាតិ ហើយក៏ជាសមាជិកសង្កេតការណ៍របស់អង្គការ OIC ដែលមានសមាជិកជាប្រទេសអ៊ិស្លាម ៥៧ប្រទេសផងដែរ។

ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅអារ៉ាប៊ីសាអូឌីតនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏គ្រោង នឹងអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយអគ្គលេខាធិការ នៃអង្គការ សហប្រតិបត្តិការអ៊ិស្លាម (OIC) និងអតីតនាយកនៃនាយកដ្ឋាន សហគមន៍មូស្លិមភាគតិច របស់អង្គការ(OIC) ថ្នាក់ដឹកនាំធនាគារអភិវឌ្ឍន៍អ៊ិស្លាម(IDB) ប្រធានមូលនិធិសាមគ្គីអ៊ិស្លាម (ISF) និងជំនួបជាមួយភាគីក្រសួងសំខាន់នានាទៀត។

បន្ទាប់ពីបញ្ចប់បេសកកម្មនៅអារ៉ាប៊ីសាអូឌីត ឯកឧត្តមទេសរដ្ឋមន្រ្តីនឹងបន្ត ដំណើរទៅកាន់ប្រទេសតួកគីនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ ដើម្បីចូលរួមអមដំណើរទស្សន កិច្ចផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជានៅប្រទេសតួកគី ដែលនឹងធ្វើឡើងពីថ្ងៃទី២០-២១ ខែតុលា ឆ្នាំ២០១៨ រួចបន្តដំណើរជាមួយគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ នាយករដ្ឋមន្រ្តី ទៅកាន់ប្រទេសស្វ៊ីស ក្នុងកិច្ចប្រជុំកំពូលអ្នកដឹកនាំវិនិយោគសាកល នៃវេទិកាវិនិយោគពិភពលោក ឆ្នាំ២០១៨ របស់សន្និសីទ សហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ ដែលនឹងប្រព្រឹត្តិទៅពីថ្ងៃទី ២២-២៤ ខែតុលា ឆ្នាំ២០១៨ ៕

ដោយ សួស សំរិត