អភិបាលខេត្តតាកែវអញ្ជើញចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ គម្រប់ខួប៦ឆ្នាំ

AKP តាកែវ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ — ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ រួមជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានចូលរួមក្នុងពិធីគោរព ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម ស៊ីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ គម្រប់ខួប៦ឆ្នាំ ដែលបានរៀបចំប្រារព្ធធ្វើឡើងនៅវត្តលឹមពួន សាមត្យារាម នៅក្នុង សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃចន្ទ ៦កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិសក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨។

មានប្រសាសន៍សំណេះសំណាលក្នុងពិធីនោះ ឯកឧត្តម អ៊ូច ភា​ បានថ្លែងថា កូន ចៅ ចៅទូតពិតជាចងចាំមិនអាចបំភ្លេចបាននូវព្រះមហាករុណាទិគុណ និងព្រហ្មវិហារធម៌ដ៏ថ្លៃថ្លា ឧត្តុង្គឧត្តម វិសេសវិសាលរបស់ព្រះមហាវីរក្សត្រដែលបានលះបង់ព្រះកាយពល ព្រះ បញ្ញាញាណ ក្នុងព្រះរាជសកម្មភាពដើម្បីបុព្វហេតុឯករាជ្យជាតិបូរណភាពទឹកដី ផ្សះផ្សារជាតិ និងបង្រួបបង្រួមជាតិដែលបានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាយើងមានសុខសន្តិភាពនិងការអភិវឌ្ឍលើគ្រប់វិស័យ។

ឯកឧត្តម អ៊ូច ភា មានប្រសាសន៍បន្តថា ព្រះមហាវីរក្សត្រ ព្រះអង្គតែងតែផ្តែរផ្តាំកូនចៅ ចៅទួតទាំងអស់ឱ្យចេះស្រឡាញ់រួបរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីកុំឱ្យបរទេសមើលងាយ យើងបានជាពិសេសត្រូវតែរក្សាឯកភាពជាតិតែមួយដើម្បីធ្វើយ៉ាងណាអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែមានភាពសម្បូរសប្បាយរុងរឿងទ្វេរឡើង។ ដូច្នេះក្នុងនាមយើងទាំងអស់គ្នាជា កូនចៅជំនាន់ក្រោយ ត្រូវចងចាំពាក្យបណ្តាំរបស់ព្រះអង្គដោយត្រូវរួបរួមសាមគ្គីគ្នាជាធ្លុងមួយ នៅក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម អ៊ូច ភា មានប្រសាសន៍បន្ថែមថា ក្នុងនាមយើងជាប្រជាពលរដ្ឋខ្មែរ យើងត្រូវ តែប្រឆាំងដាច់ខាតចំពោះជនបរទេសណាដែលមានបំណងមិនល្អចំពោះប្រទេសយើង ពោល គឺប្រជាពលរដ្ឋខ្មែរមិនត្រូវឱនក្បាលជាដាច់ខាតចំពោះជនបរទេស ដែលនាំឱ្យបាត់បង់អធិប តេយ្យជាតិ និងបាត់បង់ស្ថិរភាពរបស់ប្រទេសជាតិយើង។ ប្រជាពលរដ្ឋខ្មែរត្រូវតែរួបរួម សាមគ្គីគ្នាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ដើម្បីធ្វើយ៉ាងណាថែរក្សាឱ្យបាននូវសុខសន្តិភាព និងការអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចម្រើន ទៅមុខទៀត៕

ដោយ អ៊ុច សឿង