ខេត្តពោធិ៍សាត់រៀបចំពិធីសិក្ខាសាលាស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យជនបទជំហានទី២

AKPពោធិ៍សាត់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ — លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានចូលរួមក្នុងពិធី សិក្ខាសាលាស្តីពីការរៀបចំផែនការ សកម្មភាពថ្នាក់ខេត្តក្នុងការផ្គត់ផ្គង់ទឹកស្អាត និងការលើក កម្ពស់អនាម័យជនបទជំហានទី២(២០១៩-២០២៣) នាព្រឹកថ្ងៃអង្គារ ៧កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ នៅសាលប្រជុំអគាររដ្ឋ បាលសាលាខេត្តពោធិ៍សាត់ថ្មី។


សិក្ខាសាលានេះមានចំនួនពីរថ្ងៃ គឺចាប់ពីថ្ងៃទី១៦ ដល់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨
ដោយមានការចូលរួមពីសមាជិកក្រុមការងារបច្ចេកទេស អភិបាល រងស្រុក ក្រុង មេឃុំ ចៅសង្កាត់ ស្មៀន អង្គការដៃគូ និងអាជីវករផ្គត់ផ្គង់សម្ភារទឹកស្អាត និងអនាម័យ ក្នុងខេត្តចំនួន៨០នាក់។

លោក ធឹម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តថ្លែងថា តាមរយៈសិក្ខាសាលា នេះលោកសង្ឃឹមថា លោក លោកស្រី ដែលបានចូលរួមកាន់តែយល់ច្បាស់ថែមទៀត អំពីអនាម័យនិងសុខភាពដូចជាការប្រើប្រាស់ទឹកស្អាត ពិសាទឹកដាំពុះ ការសម្អាតរាងកាយ និងលាងដៃជាមួយសាប៊ូ។

លោកបន្តថា អ្នកដែលចូលរួមក្នុងសិក្ខាសាលានេះត្រូវយកចំណេះដឹងទំាងនេះ ទៅផ្សព្វផ្សាយដល់ក្រុមគ្រួសារ កូនចៅ និងប្រជាពលរដ្ឋក្នុងសហគមន៍ដើម្បីឱ្យ ពួកគេបានយល់ជ្រួតជ្រាបកាន់តែច្បាស់ថែមទៀត៕

ដោយ ណៅ ធឿន