ក្រុមប្រឹក្សាសកម្មភាពជនពិការ ស្នើឲ្យមានការប្រើប្រាស់ភាសាសញ្ញាសម្រាប់មនុស្ស គ ថ្លង់ នៅ តាមគ្រប់ក្រសួង ស្ថាប័ន និងគ្រប់កម្មវិធីទាំងអស់នៅកម្ពុជា

វិទ្យុជាតិកម្ពុជា​:​ ដោយ​ លោក​ ជួន បូណា:

អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ស្នើឲ្យមានការប្រើប្រាស់ភាសាសញ្ញាសម្រាប់មនុស្ស គ ថ្លង់ នៅ តាមគ្រប់ក្រសួង ស្ថាប័ន និងគ្រប់កម្មវិធីទាំងអស់នៅកម្ពុជា ខណៈដែលជនមានពិការភាពបានប្រឈមបញ្ហាជាច្រើនដែលមិនមានការប្រើប្រាស់ភាសាសញ្ញានេះដល់ពួកគាត់។

ក្រោយបញ្ចប់ពិធីអបអរសាទរទិវាមនុស្ស គ ថ្លង់ កម្ពុជា ឆ្នាំ២០១៨ ក្រោម ប្រធានបទ ការដាក់បញ្ចូលភាសាសញ្ញា គឺដើម្បីមនុស្សគ្រប់គ្នាប្រើប្រាស់ នាទីស្តីការក្រសួង ព្រឹកថ្ងៃទី១៦ តុលានេះ ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានមានប្រសាសន៍ថា កម្ពុជាបច្ចុប្បន្នមានពិការភាពប្រមាណ ៥២ម៉ឺន ៤ពាន់នាក់ ក្នុងនោះមានអ្នក គ ថ្លង់ ប្រមាណ ជាង ៤៣ពាន់នាក់ ។

ដោយមានចំនួនពិការភាពច្រើនបែបនេះ ឯកឧត្តម ចង់ឲ្យមានការប្រើប្រាស់ភាសាសញ្ញាសម្រាប់មនុស្ស គ ថ្លង់ នេះនៅ តាមគ្រប់ក្រសួង ស្ថាប័ន និងគ្រប់កម្មវិធីទាំងអស់ ដើម្បីឲ្យបងប្អូន គ ថ្លង់ អាចយល់បាននូវអ្វី ដែលគេបាននិយាយ ជាពិសេសនៅតាមទូរទស្សន៍ទាំងរដ្ឋ ទាំងឯកជនគួរណាស់មានអ្នកធ្វើ សញ្ញាភាសា គ នៅក្នុងកម្មវិធីសំខាន់ៗនានា។

ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានយល់ច្បាស់ពីតម្រូវការ និងបញ្ហាប្រឈមនានារបស់ជនមានពិការភាព ជាពិសេសបងប្អូន កូនក្មួយ ក្រុមគ្រួសារមនុស្ស គ ថ្លង់។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ ចេញនូវចក្ខុវិស័យរយៈពេលវែងសម្រាប់អភិវឌ្ឍន៍វិស័យពិការភាព ដែលជាផ្នែកមួយនៃប្រព័ន្ធ គាំព៌ាសង្គម និងការអភិវឌ្ឍន៍តាមវិស័យប្រកបដោយនិរន្តរភាព គឺពឹងផ្អែកលើធនធានមនុស្ស តាមរយៈការបញ្ជ្រាប ការបន្ស៊ី និងខិតខំធ្វើឲ្យមានសង្គតិភាពជាមួយច្បាប់ គោលនយោបាយជាតិ និងអន្តរជាតិនានាផងដែរ៕