វិបត្តិក្នុងប្រទេសយេម៉ែនអាចបង្កឱ្យមានគ្រោះទុរភិក្សដ៏អាក្រក់បំផុតក្នុងពិភពលោក

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព យូភីអាយ (១៦.១០.១៨)

យេម៉ែន៖ អង្គការកម្មវិធីស្បៀងអាហារពិភពលោកបានឱ្យដឹងនៅក្នុងរបាយការណ៍មួយកាលពីថ្ងៃចន្ទថា​ការវាយប្រហារតាមអាកាសដែលដឹកនាំដោយប្រទេសអារ៉ាប៊ីសាអ៊ូឌីតកំពុងតែធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ឡើងក្នុងប្រទេសយេម៉ែនដែលក្នុងនោះប្រជាជនជាង ១៨ លាននាក់កំពុងដាច់ស្បៀងអាហារនិងជាង ៨លាននាក់ទៀតកំពុងប្រឈមនឹង​ការស្រេកឃ្លានរហូតដល់ស្លាប់។

អង្គការស្បៀងអាហារពិភពលោកបាននិយាយថាសង្រ្គាមស៊ីវិលក្នុងប្រទេសយេម៉ែនដែលអូសបន្លាយរយៈពេលបួនឆ្នាំមកហើយ បានរាលដាលដល់កំពង់ផែហូដេដាដែលជាចំណតសម្រាប់ផ្តល់ជំនួយ​ម្ហូបអាហារនិងជំនួយផ្សេងទៀតជាច្រើនអ្នកសម្របសម្រួលមនុស្សធម៌សម្រាប់អង្គការសហប្រជាជាតិបានប្រាប់ព័ត៌មានប៊ីប៊ីស៊ីថាបើសិនជាការប្រយុទ្ធគ្នាមិនទាន់បញ្ឈប់នោះទេប្រទេសយេម៉ែនអាចនឹងប្រឈមជាមួយភាពអត់ឃ្លានដ៏អាក្រក់បំផុតនៅលើពិភពលោកក្នុងរយៈពេល១០០ ឆ្នាំមកនេះ ។

ចាប់តាំងពីខែមិថុនាមកមានប្រជាពលរដ្ឋប្រហែលជាង ៥៧០.០០០គ្រួសារបានភៀសខ្លួនចេញពីទីលំនៅ​របស់ខ្លួនខណៈពេលដែលការចំណាយលើម្ហូបអាហារបានកើនឡើងមួយភាគបីប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ប្រទេសអារ៉ាប៊ីសាអូឌីតកំពុងដឹកនាំកងកម្លាំងចម្រុះប្រឆាំងក្រុមពួកឧទ្ទាមហ៊ូទី ​
និងស៊ីអ៊ីតដែលគាំទ្រដោយអ៊ីរ៉ង់ហើយពួកគេបានទម្លាក់គ្រាប់បែកទៅលើផ្នែកខ្លះនៃប្រទេសយេម៉ែន​ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ។