កីឡាករ១៦នាក់ ដែលបណ្តុះបណ្តាលដោយសហព័ន្ធបាល់ទាត់ចេញទៅប្រកប អាជីពនៅ៤ក្លិបក្របខ័ណ្ឌលីគកំពូលកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ — សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសឱ្យដឹងនៅក្នុង សន្និសីទសារព័ត៌មានស្ដីពីការ ប្រកាសរំសាយកីឡាករនៃសាលាបាល់ទាត់ជាតិបាទីចំនួន១៦នាក់ និងបន្តទៅប្រកប អាជីព នៅ​ក្លិបចំនួន៤ ដែលកំពុងស្ថិតនៅក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុជាចំនួន៤ក្លិប នៅព្រឹក ថ្ងៃអង្គារ៍ ទី១៦ ខែតុលា ឆ្នាំ២០១៨ នៅពហុកីឡដ្ឋានជាតិ។


លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបាន ប្រកាសពីក្លិបធំៗ ចំនួន៤បាននាំយកយុវជនទាំងអស់ សម្រាប់ពង្រឹងក្រុមត្រៀមរដូវកាលថ្មី នាពេលខាងមុខ ក្នុងនោះមានក្លិបវិសាខា អគ្គិសនីកម្ពុជា ណាហ្គាវើល និងក្លិបបឹងកេតអែហ្វស៊ី។

លោកបន្ថែមថា ក្រោយពេលដែលសហព័ន្ធបានបណ្តុះបណ្តាល និងរំសាយយុវជនទាំងនេះ គឺសហព័ន្ធ មិនតម្រូវឱ្យមានការទិញលក់ ឬដោះដូរកីឡាករ រវាងក្លិបនិងក្លិបនោះឡើយ ដោយ​សហព័ន្ធមិនយកកម្រៃពីក្លិបណាមួយឡើយ ដោយគោរពតាមគោលការណ៍របស់ថ្នាក់ដឹកនាំ សហព័ន្ធ ដើម្បីជួយដល់បណ្តាក្លិបនានា ក្នុងការកសាង និងអភិវឌ្ឍន៍ធនធានកីឡាករយុវជន ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។


គួរបញ្ជាក់ថា កីឡាករទាំងនេះត្រូវបន្ដអាជីពលើវាលស្មៅជាមួយក្លិបក្នុងក្របខ័ណ្ឌ លីគកំពូល កម្ពុជា ដូចជាកីឡាករ គង់ ពីលត់, ផុត តៃនិញ, ឡុង ម៉េងហាង, ទូច គឹមឆាយ, អាត អូនតូច និង ទៀត គឹមហេង គឺផ្ទេរទៅលេងឱ្យក្លិបវិសាខា ខណៈកីឡាករ ផាត សុជាវិទ្យា, ឈឿន វិស៊ីនុ, លន ថេន និងកីឡាករ សៀន សុភក្ដ្រា ត្រូវទៅប្រកបអាជីពនៅក្លិបអគ្គិសនីកម្ពុជា។ រី​ឯ កីឡាករ សេត ម៉ាន់ស៊ូត, ហេង ទីណា និង រ័ត្ន ប៊ុននូ ទៅលេងឱ្យក្លិបណាហ្គាវើល ស្របពេល ដែលកីឡាករ ហ៊ុល គឹមហ៊ុយ, ទេស សម្បត្តិ និង សឿត ណាវ៉ា ទៅលេងឱ្យក្លិបបឹងកេត៕

ដោយ ហេង ណាលីន