ក្រុមអត្តពលិកកីឡាប៉េតង់កម្ពុជាវិលត្រឡប់មកដល់មាតុប្រទេសវិញ

AKP ភ្នំពេញ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ — ក្រុមអត្តពលិកប៉េតង់កម្ពុជា ដែលជាម្ចាស់មេដាយមាស និង មេដាយប្រាក់នៃព្រឹត្តិការណ៍ពាន រង្វាន់អន្តរជាតិ Trophee L`Equipe 2018 នៅប្រទេសបារាំងបានធ្វើដំណើរវិល ត្រឡប់មក ដល់មាតុប្រទេសរបស់ខ្លួនវិញហើយ នៅព្រឹកថ្ងៃអង្គារ៍ទី១៦ ខែតុលា ឆ្នាំ២០១៨ នៅអាកាស យាន ដ្ឋានអន្តរជាតិភ្នំពេញ។ 
ក្រុមកីឡាករ កីឡាការិនីប៉េតង់កម្ពុជា ដែលដណ្តើមបានមេដាយ៥គ្រឿងនេះ រួមមានមេដាយ មាស ៣គ្រឿង និងមេដាយប្រាក់២គ្រឿង ដែលផ្នែកកីឡាការិនី កែ ឡេង, អ៊ុក ស្រីមុំ និងអ៊ុន ស្រីយ៉ា គឺបានឡើងវគ្គ ផ្ដាច់ព្រ័ត្រ៣វិញ្ញាសា ហើយប្រមូលយកមេដាយមាស ទាំង៣វិញ្ញាសា តែម្ដង ដូចជាឯកត្តជន, វាយគូនារី និង វាយ៣នាក់ទល់នឹង៣នាក់។ រីឯផ្នែកបុរសបាន ឡើងវគ្គផ្ដាច់ព្រ័ត្រ២វិញ្ញាសា គឺវិញ្ញាសាឯកត្តជន និងវាយ៣នាក់ ទល់នឹង៣នាក់ តែបានចាញ់ ក្នុងវគ្គផ្តាច់ព្រ័ត្រ ដោយទទួលបានត្រឹមមេដាយប្រាក់២គ្រឿង ដោយកីឡាករ សុខ ចាន់មាន, ញ៉ែម បូរ៉ា និងកីឡាករ យ៉ា ចាន់ដារិទ្ធ។


គួរបញ្ជាក់ថា ព្រឹត្តិការណ៍ពានរង្វាន់ Trophee L`Equipe 2018 មានប្រទេសចូលរួម សុទ្ធសឹងជាប្រភេទប្រទេស ដែលមានកីឡាករ-កីឡាការិនីម្ចាស់មេដាយមាសកម្រិតពិភព លោក ដូចជាប្រទេសអ៊ីតាលី ថៃ កម្ពុជា ទុយណេស៊ី ដាណឺម៉ាក ម៉ាដាហ្គាស្កា និងម្ចាស់ ផ្ទះបារាំង៕

ដោយ ហេង ណាលីន