នគរបាលកម្ពុជាចំនួន៣០រូប ទទួលការបណ្តុះបណ្តាល ពង្រឹងសមត្ថភាពជំនាញ​ស៊ើបអង្កេតបទល្មើសបច្ចេកវិទ្យា

AKP ភ្នំពេញ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ — អគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកវគ្គបណ្តុះបណ្តាលជំនាញស៊ើបអង្កេតបទល្មើស បច្ចេកវិទ្យាដល់មន្រ្តីនគរបាលជាតិចំនួន៣០រូប ដើម្បីពង្រឹងសមត្ថភាពឆ្លើយតបទៅនឹងការរីក​ចម្រើននៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន។


ឯកឧត្តម នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍ ថា ការប្រយុទ្ធប្រឆាំងនឹងបទល្មើសបច្ចេកវិទ្យាគឺមានកក្តាជាច្រើនដែលគួបផ្សំទើប អាចធ្វើការ តស៊ូបាន ហើយកត្តាសំខាន់ចម្បងបំផុតគឺធនធានមនុស្ស។

ក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពីការស៊ើបអង្កេតបទល្មើសបច្ចេកវិទ្យា នាព្រឹកថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០១៨នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ បានបញ្ជាក់ថា បើទោះ​បីជា​កម្ពុជាមានឧបករណ៍បច្ចេកវិទ្យាទំនើបយ៉ាងណាក៏ដោយ តែបើធនធានមនុស្សរបស់ យើងមិន​មានសមត្ថភាពគ្រប់គ្រាន់ប្រើប្រាស់ទេ។ ឯកឧត្តមបានបន្ដថា “យើងមិនអាចនឹង ធ្វើឱ្យបច្ចេក​វិទ្យាទាំងអស់នោះឆ្លើយតប និងអាចប្រើប្រាស់សម្រាប់តស៊ូប្រយុទ្ធប្រឆាំង លើបទ ល្មើសបច្ចេកវិទ្យាបានទេ ប៉ុន្ដែផ្ទុយទៅវិញបើយើងមានសមត្ថភាព តែយើងគ្មានឧបករណ៍​បច្ចេកទេសក៏វាមិនអាចធ្វើទៅបាននោះដែរ”។ ឯកឧត្តម នាយឧត្តមសេនីយ៍បានបន្ដទៀតថា ទន្ទឹមនឹងការវិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាទំនើបជឿនលឿន មន្រ្តីនគរបាលកម្ពុជា ក៏ត្រូវតែចាំបាច់ មានសមត្ថភាពគ្រប់គ្រាន់នូវវិធានច្បាប់ ដើម្បីជាមូលដ្ឋាននៃការអនុវត្តកិច្ចការជំនាញ។ ទន្ទឹមនេះ ក៏មានរឿងជាច្រើនដែលចំណុចខ្លះ យើងឃើញថាការប្រព្រឹត្តខ្លះរំលោភបំពាន​ទៅដល់សិទ្ធិ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ ប៉ុន្តែដល់វិធានច្បាប់របស់យើងនៅមិន​ទាន់​មានគ្រប់គ្រាន់ ដែលជាហេតុធ្វើឱ្យសមត្ថកិច្ចរបស់យើងលំបាកក្នុងការប្រតិបត្តិការ។


ឯកឧត្តមបានលើកឡើងថា កក្តាធនធានមនុស្សនេះ គឺជាកក្តាចាំបាច់ណាស់ ដែល​កងកម្លាំងនគរបាលជាតិកំពុងតែខិតខំប្រឹងប្រែងធ្វើយ៉ាងណាកសាងមូលដ្ឋានច្បាប់លើការប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យានេះ សម្រាប់ទុកជាមូលដ្ឋានក្នុងការអនុវត្ត និងបង្រ្កាបនូវ បទល្មើសនានា។ ជាមួយគ្នានេះ តាមការកត់សម្គាល់ឃើញថា ពួកឧក្រិដ្ឋជនបច្ចេកវិទ្យា គឺ កាន់តែមានការវិវឌ្ឍឥតឈប់ឈរ ដើម្បីរកគ្រប់វិធីធ្វើយ៉ាងណាសំដៅប្រព្រឹត្តបទល្មើសនៅ ក្នុងពិភពលោករបស់យើងទាំងមូល គឺបានមើលឃើញថា មានដូចជាបទល្មើសអនឡាញ ល្បែងស៊ី​សង, ឆបោក, ជួញដូរគ្រឿងញៀន ក៏ដូចជាជួញដូរមនុស្សស្រ្តី និងកុមារ ដែលចាំបាច់ត្រូវតែយកចិត្ត ទុកដាក់ ដោយមិនអាចធ្វេសប្រហែសបានឡើយ។

ឯកឧត្តម នាយឧត្តមសេនីយ៍បានបន្ថែមថា ចំពោះប្រទេសកម្ពុជាក៏ជាប្រទេសមួយ សម្រាប់គោលដៅមួយដែលពួកឧក្រិដ្ឋជនទាំងនេះធ្លាប់បានប្រព្រឹត្ត ហើយកម្លាំងនគរបាល កម្ពុជាក៏បានបង្រ្កាបជាបន្តបន្ទាប់ផងដែរ។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលស្តីពីការស៊ើបអង្កេតបទល្មើសបច្ចេកវិទ្យានេះ មាន រយៈពេលពីរសប្តាហ៍ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ ដោយមានមន្រ្តីនគ របាលជាសិក្ខាកាមមកពីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា២៥រូប និងមកពីនាយកដ្ឋាន ស៊ើបការខាងក្រៅ និងបច្ចេកទេស ៥រូប សរុបចំនួន ៣០រូប ៕

ដោយ ចាន់ សុធីវង្ស