ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ជំរុញអាជ្ញាធរសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ឱ្យពង្រឹង​ការងារសន្តិសុខ និងពិនិត្យមើលការងារកសិកម្មរបស់​កសិករ

AKP បន្ទាយមានជ័យ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ — ឯកឧត្តម អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យបានធ្វើការក្រើនរម្លឹក ដោយជំរុញដល់អាជ្ញាធរដែនដីសមត្ថកិច្ចមន្ទីរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ត្រូវបន្តយកចិត្ត ទុកដាក់ពង្រឹងការថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម និងត្រូវចុះពិនិត្យមើល ការងារកសិកម្មការដាំដុះដំណាំស្រូវរបស់កសិករ ដែលតំបន់ខ្លះកំពុងប្រឹងប្រែង ស្តារការដាំដុះឡើងវិញក្រោយពីការបំផ្លាញដោយជំនន់​ទឹកភ្លៀងកន្លងមកនេះ។

ការថ្លែង ជំរុញបែបនេះរបស់ឯកឧត្តម អ៊ុង អឿន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំសាមញ្ញ​លើកទី៥២ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្ត ​ ​កាលពីព្រឹកថ្ងៃអង្គារ ៧កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨នេះ។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យបានជំរុញទៅកាន់កងកម្លាំងប្រដាប់​អាវុធដែលឈរជើងតាមព្រំដែនត្រូវបង្កើនសកម្មភាពរបស់ខ្លួនក្នុងកិច្ចការពារបូរណភាពទឹកដីចូលរួមទប់ស្កាត់បទល្មើសឆ្លងដែនមានគ្រឿងញៀនទំនិញគេចពន្ធអំពើជួញដូរមនុស្សជាដើម។ អាជ្ញាធរសមត្ថកិច្ចនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតត្រូវបន្តការយកចិត្តទុក ដាក់រៀបចំ សណ្តាប់ធ្នាប់បដិសណ្ឋារកិច្ចភ្ញៀវអន្តរជាតិដែលមកស្រុកយើងតាមច្រកនេះឱ្យមានភាពប្រសើរថែមទៀត។ឯកឧត្តមក៏បានក្រើនរម្លឹកដល់អាជ្ញាធរសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ត្រូវបន្តការយកចិត្តទុកដាក់ដោយបង្កើនសកម្មភាពរបស់ខ្លួនត្រូវចាត់តាំងកម្លាំងក្នុងការថែរក្សាការពារសុវត្ថិភាពសន្តិសុខនៅតាមមូលដ្ឋានឈរជើងរបស់ខ្លួន។ ត្រូវបន្តពង្រឹងការចុះ​អប់រំផ្សព្វផ្សាយ ច្បាប់ចរាចរណ៍​ផ្លូវគោកឱ្យបានកាន់តែទូលំទូលាយទៅក្នុងស្រទាបប្រជាពលរដ្ឋ ពិសេសតាមសាលារៀន​​​ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម សួន បវរ អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសា​សន៍ថា សភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់សាធារណៈនិងរបៀបរៀបរយ សង្គមនៅទូទាំង ខេត្តមានលក្ខណៈល្អប្រសើរដោយអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធគ្រប់ ប្រភេទបានសហការគ្នាប្រមូលផ្តុំនូវវិធានជំនាញនិងកម្លាំងសរុបនៅក្នុងការចាត់វិធានការបង្ការទប់ស្កាត់និង​បង្ក្រាបនូវរាល់បទល្មើសគ្រប់ប្រភេទនិងបាតុភាព អសកម្មផ្សេងៗនៅក្នុងសង្គមប្រកបដោយស្មារតីទទួលខុសត្រូវនិងមានភាពអត់ធ្មត់។


នៅក្នុងឱកាសនេះដែរឯកឧត្តម អ៊ុង អឿន ក៏បានជំរុញដល់មន្ទីរកសិកម្ម, ធនធានទឹកនិងឧតុនិយមអាជ្ញាធរស្រុកក្រុងឃុំសង្កាត់ត្រូវយកចិត្តទុកដាក់ក្នុងការចុះតាមដានពិនិត្យមើលលើសកម្មភាពការងារដាំដុះស្រូវវស្សានោះឱ្យបានជាប់លាប់ដើម្បីរួមចំណែកជាមួយប្រជាកសិករយើងសំដៅជួយពន្លឿនការងារដាំដុះនៅចុងរដូវវស្សានេះឱ្យបានទាន់រដូវកាល​​ពិសេសនៅក្នុង​​តំបន់ខ្លះនៃស្រុកមង្គលបូរី ,ព្រះនេត្រព្រះ,ភ្នំស្រុក,ក្រុងសិរីសោភ័ណ ដែលកសិករយើងកំពុងនាំ​គ្នាធ្វើស្រូវស្រាលប្រដេញទឹកដើម្បីស្តារការខូតខាត ដោយជំនន់ទឹកភ្លៀងដែលបានបំផ្លាញ​​ដំណាំស្រូវកាលពីកន្លងមកនេះ៕

ដោយ ឈុន សារ៉ាត