កន្លែងឆ្លងកាត់ កូនេត្រា រវាងអ៊ីស្រាអែល និងស៊ីរីបើកឡើងវិញ

AKP ភ្នំពេញ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ — តាមកងកម្លាំងការពារអ៊ីស្រាអែល (​IDF ) ឱ្យដឹងថា កន្លែងឆ្លងកាត់ គូនេត្រា (Quneitra ) រវាងអ៊ីស្រាអែល និងស៊ីរី ត្រូវបានគេបើកឡើងវិញកាលពីថ្ងៃចន្ទ បន្ទាប់ពីត្រូវបានគេបិទជាង៤ឆ្នាំមក ដោយសារតែ សង្គ្រាមស៊ីវិលក្នុងប្រទេសស៊ីរី ។

ក្នុងអំឡុងសង្គ្រាមកន្លែងឆ្លងកាត់នេះ ត្រូវបានកាន់កាប់ជាបណ្តោះអាសន្នដោយពួកឧទ្ទាម ។ ក្នុងប៉ុន្មានខែថ្មីៗនេះយោធាស៊ីរីបានទទួលជោគជ័យក្នុងការចាប់យកតំបន់នេះមកវិញដែលរៀបចំផ្លូវសម្រាប់ការបើកកន្លែងឆ្លងកាត់នេះឡើងវិញ ដោយមានការយល់ព្រមពីអ៊ីស្រាអែល, ស៊ីរី និង អ.ស.ប ។

កន្លែងឆ្លងកាត់នេះត្រូវបានគេប្រើសម្រាប់ទំនិញ និងប្រជាជនឆ្លងកាត់រវាងប្រទេសទាំងពីរ ។ កន្លែង ឆ្លងកាត់នេះស្ថិតនៅក្នុងតំបន់គ្មានយោធាមួយ ដែលត្រូវបានគេបំបែកចេញពីគ្នារវាងប្រទេសទាំងពីរចាប់តាំងពីកិច្ចព្រមព្រៀងស្តីពីការដកថយទ័ពដែលបានចុះហត្ថលេខាក្នុងឆ្នាំ ១៩៧៤ ។

ក្នុងដំណាក់កាលដំបូងកន្លែងឆ្លងកាត់នេះនឹងត្រូវប្រើប្រាស់ដោយពួកទាហាន អ.ស.ប ប៉ុណ្ណោះ ហើយក្នុងអនាគតឆាប់ៗនេះគេរំពឹងថា នឹងបើកជាបណ្តើរៗដល់អ្នកដទៃទៀត ។ កាលពីក្នុងខែសីហា ឆ្នាំ ២០១៤ ក្នុងអំឡុងសង្គ្រាមស៊ីរី ក្នុងប្រទេសស៊ីរី​ពួកឧទ្ទាមស៊ីរីបានចាប់យក កន្លែងឆ្លងកាត់នៅខាងផ្នែកស៊ីរី ។​ជាលទ្ធផលពួកអ្នកសង្កេតការណ៍ អ.ស.ប ក្នុងតំបន់នោះ ត្រូវបានគេបង្ខំឱ្យបោះបង់ចោលមូលដ្ឋានរបស់ពួកគេ ដែលនាំឱ្យមានការបិទកន្លែងឆ្លងកាត់នេះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )