ជម្លៀសស្ថានទូតអ៊ីរ៉ង់ក្នុងប្រទេសតួកគីបន្ទាប់ពីមានការព្រមានបំផ្ទុះគ្រាប់បែក

AKP ភ្នំពេញ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ — ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា ស្ថានទូតអ៊ីរ៉ង់ក្នុងរដ្ឋធានីអង់ការ៉ា របស់ប្រទេសតួកគីត្រូវបានគេជម្លៀសកាលពីថ្ងៃចន្ទនេះ បន្ទាប់ពីកងកម្លាំងសន្តិសុខតួកគីបានទទួលព័ត៌មានសំខាន់មួយអំពីការគំរាមកំហែងបំផ្ទុះគ្រាប់បែកអត្ថឃាតដែលអាចមានមួយនោះ ។

ទិនានុប្បវត្តិ SOZCU របស់តួកគីរាយការណ៍ថា បន្ទាប់ពីទទួលព័ត៌មានពីការព្រមាននេះ ប៉ូលីសតួកគី បានជម្លៀសឯកអគ្គរដ្ឋទូតអ៊ីរ៉ង់លោក ម៉ូហាម៉ាដ អេប្រាហ៊ីម តាហេរាន ហ្វាដ ព្រមទាំងបិទផ្លូវមួយដែលស្ថានទូតនោះ តាំងនៅ ។

សេចក្តីរាយការណ៍បាននិយាយថា ប៉ូលីសបង្ក្រាបការបះបោរប្រដាប់អាវុធ បានទៅដល់កន្លែងនោះ នឹងបានស្រាវជ្រាវរករថយន្តដែលសង្ស័យនៅក្បែរស្ថានទូតនោះ ។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ឱ្យដឹងថា ពួកមន្ត្រីអ៊ីរ៉ង់បានបដិសេធសេចក្តីរាយការណ៍អំពីការវាយប្រហារ បំផ្ទុះគ្រាប់បែកអត្ថឃាតដែលអាចមានមួយនោះ នៅឯស្ថានទូតនេះ ។ ពួកអាជ្ញាធរតួកគីមិនបានចេញសេចក្តីរាយការណ៍ ផ្លូវការអំពីឧប្បត្តិហេតុនេះនៅឡើយទេ ។

ប្រទេសតួកគីត្រូវបានវាយប្រហារដោយការវាយប្រហារភេរវកម្មជាបន្តបន្ទាប់ក្នុងឆ្នាំ ២០១៥ និង ២០១៦ ដែលគេស្តីបន្ទោសទៅលើពួកសកម្មប្រយុទ្ធឃឺដ និងក្រុមជ្រុលនិយមរដ្ឋអ៊ីស្លាម ( IS ) ដែលធ្វើឱ្យពួកជនស៊ីវិលរាប់រយនាក់ស្លាប់ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )