លោក ត្រាំ បដិសេធពីការផ្អាកនៃការដាក់ទណ្ឌកម្មប្រឆាំងនឹងតួកគី

AKP ភ្នំពេញ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ — កាលពីថ្ងៃចន្ទ ប្រធានាធិបតីអាមេរិក​លោក ដូណាល់ ត្រាំ​ បានបដិសេធពីលទ្ធភាពនៃ​ការផ្អាក​ការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសតួកគី ចំពោះការដោះលែងសង្ឃគ្រីស្តសាសនា​មួយ​អាមេរិកមួយរូប លោក​Andrew Brunson។

ដោយការថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនៅសេតវិមាន នៅមុនពេលដែលលោក ចេញដំណើរទៅកាន់រដ្ឋ ផ្លរីដា​ លោក ត្រាំ បាននិយាយថា ទង្វើនេះគឺមិនស្ថិតផ្នែកណាមួយនៃ​កិច្ចព្រមព្រៀងនោះទេ។

លោក ត្រាំ បាននិយាយថា យើងមិនមានកិច្ចព្រមព្រៀងជាមួយតួកគីទេ។ យើងមិនបាន​ធ្វើកិច្ចព្រមព្រៀងនេះទេ​ ហើយក៏មិនមានកិច្ចព្រមព្រៀងណាមួយសម្រាប់ចំណាប់ខ្មាំង ឬ អ្នកទោសនោះដែរ។

តុលាការទីក្រុង Izmir របស់ប្រទេសតួកគី កាលពីរសៀលថ្ងៃសុក្រ បានកាត់ទោស​បុព្វជិត​ដែលមានអាយុ៥០ឆ្នាំរូបនេះ ឱ្យជាប់ទោសរយៈពេលបីឆ្នាំ មួយខែ និង១៥ថ្ងៃ ពីបទ​ដែល​ជាប់ទាក់ទងនឹងភេរវកម្ម ប៉ុន្តែគេបានកំណត់ឱ្យលោកមានសេរីភាពវិញ ខណៈដែល​លោក​ត្រូវ​បានជាប់គុក ចាប់តាំងពីខែឆ្នាំ ២០១៦មក។

បន្ទាប់មក​នៅថ្ងៃជាមួយគ្នានេះដែរ​ លោកBrunson បានចាកចេញទៅកាន់ប្រទេស​អាល្លឺម៉ង់ និង អាមេរិក។ កាលពីថ្ងៃសៅរ៍ លោកបានដល់សេតវិមាន កន្លែងដែលលោកបានជួប​ប្រជុំជាមួយលោកត្រាំ៕

( ប្រភព ស៊ីនហួ៖ បកប្រែដោយលោក មាស សំអុល )