លោក ពូទីន ចុះហត្ថលេខាលើបទបញ្ជាឱ្យសម្រេចកិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រជាមួយអេហ្ស៊ីប

AKP ភ្នំពេញ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ — តាមវេបសាយស្របច្បាប់ផ្លូវការរបស់រុស្ស៊ីឱ្យដឹងថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន (​Vladimir Putin ) កាលពីថ្ងៃចន្ទ បានចុះហត្ថលេខាលើបទបញ្ជាមួយ ស្តីពីការសម្រេចកិច្ចព្រមព្រៀងកិច្ច សហប្រតិបត្តិការជាយុទ្ធសាស្ត្រមួយ ជាមួយប្រទេសអេហ្ស៊ីប ។

បទបញ្ជានោះនិយាយថា ទទួលយកសំណើរបស់ក្រសួងការបរទេសរុស្ស៊ី — ស្តីពីការចុះហត្ថលេខាលើសន្ធិសញ្ញារវាងសហព័ន្ធរុស្ស៊ី និងសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប នូវភាពជាដៃគូដ៏ទូលំទូលាយ និងកិច្ច សហប្រតិបត្តិការជាយុទ្ធសាស្ត្រ ។
បទបញ្ជានោះនិយាយបន្ថែមថា ចាត់ទុកសំណើនេះថា មានប្រយោជន៍ក្នុងការអនុវត្តការចុះហត្ថលេខាលើសន្ធិសញ្ញា — ក្នុងកម្រិតខ្ពស់បំផុត ។

លោក ពូទីន គ្រោងជួបសមភាគីអេហ្ស៊ីបរបស់លោក គឺលោក អាប់ដែល ហ្វាត​អាល់ ស៊ីស៊ី ( Abdel Fattah al Sisi ) នៅថ្ងៃពុធនៅ Sochi របស់រុស្ស៊ី ដើម្បីធ្វើការពិភាក្សាបញ្ហាសំខាន់ៗ នៃការ កសាងថែមទៀតនូវអន្តរកម្មរុស្ស៊ី – អេហ្ស៊ីប ក៏ដូចជាការផ្លាស់ប្តូរទស្សនៈគ្នាស្តីពីបញ្ហាបច្ចុប្បន្ន នៅលើរបៀបវារៈអន្តរជាតិ , នេះបើតាមសេចក្តីថ្លែងការណ៍មួយដែលផ្សាយកាលពីថ្ងៃព្រហស្បតិ៍បានឱ្យដឹងនោះ ។

ដោយមិនបានផ្តល់ឱ្យនូវព័ត៌មានលម្អិតណាមួយនោះ សេចក្តីថ្លែងការណ៍នោះបាននិយាយថា បន្ទាប់ពីកិច្ចចរចាឯកសាររួមមួយចំនួនគេរំពឹងថា នឹង​ត្រូវ​គេចុះហត្ថលេខា ។

អ្នកនាំពាក្យវិមានក្រឹមឡាំងលោក ឌ្មីទ្រី ប៉េសកូវ បាននិយាយពីថ្ងៃចន្ទថា លោក ពូទីន និង លោក ស៊ីស៊ី នឹងធ្វើកិច្ចចរចាក្រៅផ្លូវការនៅពេលបាយល្ងាចថ្ងៃអង្គារ ។

លោក ពូទីន បានធ្វើទស្សនកិច្ចទីក្រុងគែរ ក្នុងខែធ្នូ ឆ្នាំ ២០១៧ ដែលនៅពេលនោះ លោក និងលោក ស៊ីស៊ី បានធ្វើជាសាក្សីការចុះហត្ថលេខាលើកិច្ចព្រមព្រៀង កសាងស្ថានីយថាមពលនុយក្លេអ៊ែរ របស់អេហ្ស៊ីប ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )