ទីបញ្ជាការកូរ៉េទាំងពីរ និង អ.ស.បនឹងពិភាក្សាគ្នាពីតំបន់សន្តិសុខរួមគ្នា ក្នុងការដកហូតអាវុធនៅតំបន់ដែលគ្មានកងទ័ព

AKP ភ្នំពេញ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ — ក្រសួងការពារជាតិក្រុងសេអ៊ូលបានប្រកាសថា ទីបញ្ជាការកូរ៉េទាំងពីរ និង អ.ស.ប​នឹង​ធ្វើកិច្ចពិគ្រោះយោបល់ទ្វេភាគី​នាថ្ងៃអង្គារនេះ ស្តីអំពីការដកហូតអាវុធក្នុងតំបន់សន្តិសុខ​រួមគ្នា​(JSA) នៅ​ភូមិគ្មានកងទ័ព ប៉ាន់មុនហ្សូម នៅតំបន់ព្រំដែនដែលមានភាពរឹងមាំខ្លាំង​រវាង​ប្រទេស​កូរ៉េ​​ខាង​ជើង និងកូរ៉េខាងត្បូង។

ក្រសួងបាននិយាយថា កិច្ចប្រជុំនេះនឹងបើកធ្វើឡើង នៅខាងក្នុងតំបន់ដែលគ្មាន​កងទ័ព​(DMZ) ប៉ាន់មុនហ្សូម នៅវេលាម៉ោង​១០:០០ព្រឹកនេះ។ កូរ៉េខាងត្បូង និងខាងជើង​បានព្រមព្រៀងគ្នា ក្នុងដកហូតអាវុធនៅ JSA ស្ថិតក្រោម​កិច្ចព្រមព្រៀងយោធាមួយ ដែលត្រូវបានគេហត្ថលេខាដោយ​រដ្ឋមន្រ្តីការពារជាតិ​នៃប្រទេស​ទាំងពីរ​ក្នុងអំឡុងកិច្ចប្រជុំកំពូលទីក្រុងព្យុងយ៉ាង​កាលពីខែកញ្ញាកន្លងទៅ រវាងប្រធានាធិបតី​លោកមូន ចា-អ៊ីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុង-អ៊ុន​។ សូមបញ្ជាក់ផងដែរថា UNC មានយុត្ថាធិការលើ JSA នេះ៕

( ប្រភព យន់ហាប់៖ បកប្រែដោយលោក មាស សំអុល )