កូរ៉េទាំងពីរ ចាប់ផ្តើមធ្វើកិច្ចចរចាថ្នាក់ខ្ពស់ការអនុវត្តសេចក្តីប្រកាសក្រុងព្យុងយ៉ាង

AKP ភ្នំពេញ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ — កូរ៉េខាងត្បូង និងកូរ៉េ​​ខាង​ជើង បានចាប់ផ្តើមធ្វើកិច្ចចរចាកម្រិតខ្ពស់កាលពីថ្ងៃចន្ទ ក្នុងភូមិព្រំដែនប៉ាន់មុនហ្សូម ដើម្បីធ្វើការពិភាក្សាគ្នានូវមធ្យោបាយនានា ក្នុងការអនុវត្តសេចក្តីប្រកាសក្រុងព្យុងយ៉ាង ដែលមេដឹកនាំនិងកូរ៉េទាំងពីរ បានប្រកាសក្នុងកិច្ចប្រជុំកំពូលថ្មីបំផុតនៅក្រុងព្យុងយ៉ាងកាលពីក្នុងខែកញ្ញា ។

តាមសេចក្តីរាយការណ៍មួយពីប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងឱ្យដឹងថា ការសន្ទនាកម្រិតខ្ពស់នេះ បានចាប់ផ្តើមនៅម៉ោង១០ព្រឹក ម៉ោងក្នុងស្រុក ដូចដែលគេបានគ្រោងទុកនៅឯអាគារសន្តិភាព ជាអាគារកូរ៉េខាងត្បូងមួយ ក្នុងភូមិឈប់បាញ់នេះ ។

គណៈប្រតិភូកូរ៉េខាងត្បូង មានសមាជិក៥ រូប ត្រូវបានដឹកនាំដោយរដ្ឋមន្ត្រីបង្រួបបង្រួម លោក Cho Myoung – Gyon ។ មុនការធ្វើដំណើរទៅកាន់កន្លែងធ្វើការសន្ទនាគ្នានេះ លោក Cho បានប្រាប់ពួកអ្នកយកព័ត៌មានថា របៀបវារៈ នៃការសន្ទនាគ្នានេះ គឺការអនុវត្តសេចក្តីប្រកាសក្នុងព្យុងយ៉ាង ព្រមទាំងគម្រោងកិច្ចចរចាថ្នាក់ការងារសម្រាប់ការពិភាក្សាគ្នាឱ្យបានលម្អិត ។ គណៈប្រតិភូកូរ៉េខាងជើងត្រូវបានដឹកនាំដោយ លោក Ri Son Gwon ប្រធានគណៈកម្មាធិការ សម្រាប់ការបង្រួបបង្រួមមាតុភូមិឡើងវិញដោយសន្តិវិធី ​ ។

ដើម្បីអនុវត្តសេចក្តីប្រកាសនេះ គណៈប្រតិភូថ្នាក់ខ្ពស់មកពីកូរ៉េទាំងពីរគេទស្សន៍ទាយថា នឹងធ្វើការពិភាក្សាគ្នានូវមធ្យោបាយដើម្បីធ្វើទំនើបកម្ម នឹងការភ្ជាប់ផ្លូវដែក ព្រមទាំងផ្លូវថ្មល់កាត់ព្រំដែនអន្តរកូរ៉េ ហើយនឹងបង្កើតគណៈកម្មាធិការយោធារួមគ្នាមួយ ក្នុងការបញ្ឈប់នូវ​សកម្មភាពជាអមិត្តក្បែរព្រំដែន ។

គេក៏រំពឹងផងដែរថា ភាគីទាំងពីរនឹងកំណត់ឱ្យបានជាក់លាក់កាលបរិច្ឆេទសម្រាប់កិច្ចចរចាកាកបាទក្រហម ដើម្បីពិភាក្សាគ្នា ការបើកកន្លែងមួយសម្រាប់​ការជួបជុំគ្នាជាទៀងទាត់គ្រួសារកូរ៉េ ដែលបំបែកចេញពីគ្នាដោយសង្គ្រាមកូរ៉េ ឆ្នាំ ១៩៥០ – ១៩៥៣ ព្រមទាំងធ្វើការពិភាក្សាគ្នាពីការផ្លាស់ប្តូរ វប្បធម៌ និងកីឡា ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )