វេទិកាប៉េកាំង- តូក្យូលើកទី១៤ ធ្វើនៅក្រុងតូក្យូផ្តោតលើការជំរុញចំណងទាក់ទង

AKP ភ្នំពេញ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ — វេទិកាប៉េកាំង- តូក្យូលើកទី១៤ បានបញ្ចប់កាលពីថ្ងៃចន្ទនេះ ក្នុងក្រុងតូក្យូ ដោយពួកអ្នកជំនាញការ , អតីតពួកមន្ត្រី និងតំណាងផ្នែកឯកជនមកពីប្រទេសចិន និងជប៉ុនធ្វើការពិភាក្សាគ្នានូវបញ្ហាសំខាន់ ៗ ដែលប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគី ដើម្បីបង្កើនចំណងទាក់ទង ។

វេទិកាឆ្នាំនេះ បានផ្តោតទៅលើប្រធានបទ « ការធ្វើឱ្យស៊ីជម្រៅជំនឿទុកចិត្តគ្នាទៅវិញទៅមក ព្រមទាំងកិច្ចសហប្រតិបត្តិការ , ការចែករំលែកការទទួលខុសត្រូវសម្រាប់សន្តិភាព និងការអភិវឌ្ឍក្នុងអាស៊ី និងពិភពលោក និងការរុករកនូវសារសំខាន់ជាក់ស្តែងនៃសន្ធិសញ្ញាសន្តិភាព និងមិត្តិភាពរវាងចិននិង ជប៉ុន ។

ភ្ញៀវជាង ១០០នាក់មកពីមជ្ឈដ្ឋាននយោបាយ , ពាណិជ្ជកម្ម , បណ្ឌិតសភា និងប្រព័ន្ធផ្សព្វផ្សាយ នៃ ប្រទេសទាំងពីរបានធ្វើការពិភាក្សាគ្នាស្តីពីទំនាក់ទំនងទ្វេភាគី ,ជំនឿទុកចិត្តគ្នាទៅវិញទៅមកខាងនយោ បាយ , កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិង ពាណិជ្ជកម្ម, ការធានាសន្តិសុខ , ការទទួលខុសត្រូវរបស់ប្រព័ន្ធផ្សព្វផ្សាយ, ការបញ្ចូលរបៀបថ្មី ព្រមទាំងបញ្ហាសំខាន់ៗដទៃទៀត ។

វេទិកាប៉េកាំង- តូក្យូ ត្រូវបានបើកធ្វើឡើងដោយទិនានុប្បវត្តិចិន​ (​Chinadaly ) និងអង្គការជប៉ុន ដែលមិនយកកម្រៃ Genron NPO ក្នុងឆ្នាំ 2005 ។ វេទិកានេះ ត្រូវបានឧបត្ថម្ភរួមគ្នា ដោយក្រុមផ្សព្វផ្សាយអន្តរជាតិចិន និង Genron NPO ចាប់តាំងពីឆ្នាំ ២០១៥ មក ។

វេទិកានេះដែលធ្វើឆ្លាស់គ្នាក្នុងក្រុងប៉េកាំង និងក្រុងតូក្យូនោះ មានបំណងធ្វើឱ្យប្រសើរទំនាក់ទំនងទ្វេភាគី ព្រមទាំងធ្វើឱ្យស៊ីជំម្រៅការយោគយល់គ្នាទៅវិញ ទៅមក រវាងចិន និង ជប៉ុន ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )