មីយ៉ាន់ម៉ាចាប់ផ្តើមកិច្ចពិភាក្សាសន្តិភាពត្រីភាគី

AKP ភ្នំពេញ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ — កាលពីថ្ងៃទី ១៥ ខែតុលា រដ្ឋាភិបាលមីយ៉ាន់ម៉ា កងទ័ព និងភាគីហត្ថលេខីចំនួន ១០ នៃកិច្ចព្រមព្រៀងឈប់បាញ់នៅទូទាំងប្រទេស (NCA) បានរៀបចំកិច្ចចរចាសន្តិភាពត្រីភាគីរបស់ខ្លួន។


ក្នុងចំណោមអ្នកចូលរួមទាំងនោះរួមមានលោកស្រី អ៊ុង សានស៊ូជី ទីប្រឹក្សាជាតិ ឧត្តមសេនីយ៍ Min Aung Hlaing អគ្គមេបញ្ជាការយោធានៃក្រសួងការពារជាតិ និងលោក Saw Mutu Sae ប្រធានសម្ព័ន្ធជាតិ កាយីន (KNU) ដែលជាតំណាងឱ្យស្ថាប័នប្រដាប់អាវុធជនជាតិភាគតិចជាហត្ថលេខីទាំង ១០ (EAOs) ។

កិច្ចពិភាក្សាដែលមានរយៈពេលបួនថ្ងៃនេះ មានគោលបំណងដកចេញនូវឧបសគ្គនៅក្នុងកិច្ចពិភាក្សានយោបាយនៅគ្រប់កម្រិតទាំងអស់។ ព្រឹត្តិការណ៍នេះ បានកើតឡើងក្នុងរយៈពេលបីខែបន្ទាប់ពីសម័យប្រជុំលើកទី ៣ នៃសន្និសីទសន្តិភាពប៉ាងឡុងសតវត្សរ៍ទី ២១ របស់មីយ៉ាន់ម៉ា ដែលបានធ្វើកាលពីខែកក្កដា។ ក្នុងអំឡុងពេលនៃកិច្ចប្រជុំនោះ គណៈកម្មាធិការរួមនៃកិច្ចចរចាសន្តិភាពសហភាពមីយ៉ាន់ម៉ាបានប្រកាសថា ខ្លួនបានអនុម័តគោលការណ៍មូលដ្ឋានចំនួន ១៤ ទាក់ទងនឹងនយោបាយ សង្គមសេដ្ឋកិច្ច ដីធ្លី និងបរិស្ថាន ដែលគោលការណ៍ទាំងនេះបានការព្រមព្រៀងដោយរដ្ឋាភិបាល និង EAO ។

បន្ទាប់ពីឈានដល់មានកិច្ចព្រមព្រៀងឈប់បាញ់នៅទូទាំងប្រទេស (NCA) នៅឆ្នាំ ២០១៥ រដ្ឋាភិបាលមីយ៉ាន់ម៉ាបានរៀបចំកិច្ចប្រជុំចំនួនពីរនៃសន្និសីទសន្តិភាពប៉ាងឡុងសតវត្សរ៍ទី ២១ នៅក្នុងខែសីហា ឆ្នាំ ២០១៦ និងខែឧសភា ឆ្នាំ ២០១៧ ។ នៅក្នុងកិច្ចប្រជុំលើកទីពីរ គំនិតផ្តួចផ្តើមនៃគោលការណ៍មូលដ្ឋានចំនួន ៣៧ សម្រាប់បង្កើតសហព័ន្ធនិយមស្ថិតនៅក្រោម NCA ត្រូវបានអនុម័ត៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)